ដោយ:វិបុល/ភ្នំពេញ ៖ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ មូលនិធិវណ្ណេតសុវណ្ណភូមិ បានដឹកនាំក្រុមការងារ រៀបចំអាហារសាមគ្គីរួមគ្នា និងផ្ដល់អំណោយដល់គ្រួសារកុមារកំព្រាឈូករ័ត្ន ក្នុងឱកាសថ្ងៃបើកបវេសនាកាលថ្មី។
លោក សាន វណ្ណេត តំណាងមូលនិធិវណ្ណេតសុវណ្ណភូមិ បានបញ្ជាក់ថា ការរៀបចំអាហារសាមគ្គី សំណេះសំណាល និងផ្ដល់អំណោយដល់គ្រសួរកុមារកំព្រាឈូករ័ត្ន នាពេលនេះ គឺដើម្បីជា ការចូលរួមចំណែកក្នុងការសម្រាលបញ្ហាខ្វះខាតរបស់កុមារកំព្រានៅទីនោះ ការលើកទឹកចិត្តដល់ពួកគេ ។
លោកបន្ថែមថា មូលនិធីវណ្ណេតសុវណ្ណភូមិ ដែលទទួលបានការឧបត្ថម្ភពីគម្រោងដីឡូតិ៍វណ្ណេត សុវណ្ណភូមិ ដែលមានលោក យុត្ថារា ឆានី ជាម្ចាស់គម្រោង បង្កើតឡើងនៅឆ្នាំ២០១៥ ជានិច្ចកាលតែងតែរៀប ចំពិធីជួបជុំ ទទួលទានអាហារសាមគ្គី សំណេះសំណាល ក៏ដូចជានាំយកអំណោយមួយចំនួន ផ្ដល់ជូនគ្រួសារកុមារកំព្រាឈូករ័ត្ន យ៉ាងតិច៣លើកក្នុងមួយឆ្នាំ ដោយមើលឃើញពីភាពលំបាកខ្វះខាតរបស់កុមារទាំងនោះ ក៏ដូចជាការជំរុញទឹកចិត្ត ដើម្បីលើកកម្ពស់ស្មារតីតស៊ូ ពុះពារក្នុងឆាកជីវិត ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ ក្រៅពីនេះ មូលនិធិវណ្ណេត សុវណ្ណភូមិ ក៏តែងតែនាំអំណោយ និងថវិកាមួយចំនួន ផ្ដល់ជូនដល់ចាស់ជរាខ្វះខាត នៅតាមបណ្ដាមូលដ្ឋានផ្សេងៗផងដែរ៕/B




