ដោយ៖តារារិទ្ធ(ភ្នំពេញ)៖លោក លី ខឹឈាំង បានបញ្ជាក់ថារដ្ឋាភិបាលចិននិងប្រជាជនចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូរ៉ូណា ។តាម រយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិននៅពេលនេះគឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។ រដ្ឋាភិបាលនិងប្រជាពលរដ្ឋចិនមានជំនឿយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺកូរ៉ូណានេះហើយចិននិងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ ប្រជាជនចិននិងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទៅកាន់ប្រទេសចិនក្នុងដំណើរទស្សនកិច្ចការងារតបតាមការអញ្ជើញរបស់ លោក លី ខឺឈាំង នៅល្ងាចថ្ងៃទី ៥ ខែកុម្ភៈ នេះ។ នៅទីក្រុងប៉េកាំងសម្តេចតេជោនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោក លី ខឺឈាំង ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ ពីជំនួបនោះថា៖សម្តេចតេជោបានបញ្ជាក់ថាទស្សនកិច្ចនៅពេល នេះគឺចង់បង្ហាញអំពីសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនចិនក្នុងគ្រាលំបាកនេះ។ពិសេសគឺបង្ហាញអំពីជំនឿចំពោះប្រជាពលរដ្ឋកម្ពុជានិងនិស្សិតកម្ពុជាដែលកំពុងសិក្សានិងរស់នៅប្រទេសចិន ។ទស្សនកិច្ចនៅពេលនេះក៏ដើម្បីលុបបំបាត់នូវការភ័យខ្លាចក្នុងចំណោមប្រជាពល រដ្ឋកម្ពុជាជាពិសេ សគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ ។

សម្តេចបានគូសបញ្ជាក់ថាកម្ពុជាចង់បង្ហាញពីការគាំទ្រជាមួយប្រទេសចិនក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចសូមចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ ។ សម្ដេចក៏បានអរគុណដល់រដ្ឋាភិបាលចិនដែល បានជួយដល់ប្រជាពលរដ្ឋកម្ពុជាកំពុងតែរស់នៅប្រទេសចិន គ្រាដែលរដ្ឋាភិបាលចិនបានចាត់វិធានការមួយចំនួនដើម្បីជួយដល់និស្សិតកម្ពុជា ។
សម្ដេចបានបញ្ជាក់ថាអ្វីដែលជាបញ្ហាមិនមែនដោយសារវីរុសកូរ៉ូណាទេប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ។ សម្ដេចបានចាត់ទុកថាបញ្ហាជំងឺកូរ៉ូ ណានេះគឺជាសង្គ្រាមចិត្តសាស្ត្រដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។មានអ្នកខ្លះចោទប្រកាន់ថារាជរដ្ឋាភិបាលថាបានដោះដូរអាយុជីវិតរបស់ប្រជា ពលរដ្ឋកម្ពុជាជាមួយទំនាក់ទំនងកម្ពុជាចិនទៅវិញ តែការលើកឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ ចំពោះនិស្សិតដែលកំពុងតែសិក្សានៅប្រទេសចិន។សម្ដេចមិនអាចរត់ចេញពីអ្វីដែលកំពុងកើតឡើងនេះបានទេប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋចិន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏លើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធទៅនឹងសហភាពអឺរ៉ុបដែលគ្រោងនឹងចេញនូវសេចក្តីសម្រេចរបស់ខ្លួននាពាក់កណ្ដាលខែកុម្ភនេះ ។ ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ ។សម្ដេចតេជោបាន ស្នើឱ្យរដ្ឋាភិបាលចិនជួយជំរុញវិនិយោគនិងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ ភាគរយនៅកម្ពុជាបន្តរក្សានៅកម្ពុជាដដែលនិងស្នើឲ្យចិនបន្តជម្រុញ ការគៀងគរវិនិយោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន។
សម្ដេចតេជោបានបញ្ជាក់ជូននាយករដ្ឋមន្ត្រីចិនថាការបិទល្បែងអនឡាញនៅកម្ពុជាគឺដើម្បីធ្វើយ៉ាងណាធានាសន្តិសុខជាតិរបស់កម្ពុជានឹងចូលរួមប្រ យុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មផ្សេងៗដែលពាក់ព័ន្ធទៅនឹងល្បែងអនឡាញផងដែរ។
លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថាចិនយកចិត្តទុកដាក់ខ្លាំងចំពោះទស្សនកិច្ចរបស់សម្ដេចតេជោមកកាន់ប្រទេសចិននៅពេលនេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាភាគីចិនធ្វើអ្វីៗដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅទីនោះកុំឲ្យមានការភ័យខ្លាច ។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាលនិងប្រជាពលរដ្ឋចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងវិរុសថ្មី ហើយសង្ឃឹមជឿជាក់ថាចិននឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹង ជំងឺមួយនេះប្រកបដោយជោគជ័យ។
លោក លី ខឹឈាំង បានបន្តចិននឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាពនូវអ្វីដែលចិនអាចជួយបានហើយចិននឹងបន្តការគាំទ្រគៀងគរវិនិយោគ បន្ថែមមកកាន់កម្ពុជានិងរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ ។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេស ទាំងពីរគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នាដោយភាគីទាំងពីរនឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់៕