ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ លោកប្រធានាធិបតី ស៊ី ជីនភីង បានលើកឡើងនៅចំពោះមុខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនថា ចាប់ពីឆ្នាំកន្លងទៅនេះទំនាក់ទំនងកម្ពុជានិងចិនចាប់ផ្តើមក្នុងទំព័រសករាជថ្មីដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ ។ នេះបើយោងតាមការឲ្យដឹងរបស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបលោកប្រធានាធិបតីចិន ស៊ី ជីនភីង កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងប៉េកាំង ។
លោក ស៊ី ជីនភីង បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា លោកពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀតនៅទីក្រុងប៉េកាំង។លោកបន្តថា ប្រជាពលរដ្ឋចិនក៏ដូចជារដ្ឋាភិបាលចិនកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគកូរ៉ូណានេះ ។ ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនក៏បានយកចិត្តទុកដាក់ដូចជាពលរដ្ឋចិនដែរ ។

លោកប្រធានាធិបតីបានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថាគាំទ្រប្រទេសចិន ហើយកម្ពុជាបានចូលរួមជាមួយប្រជាជនចិនរួមសុខរួមទុក្ខជាមួយប្រទេសចិន ។ លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ។

លោកបានគូសបញ្ជាក់ទៀតថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជានិងចិនចាប់ផ្តើមក្នុងជំពូកថ្មី នៃការចាប់ផ្ដើមជាថ្មីនូវការអនុវត្តន៍ ជាពិសេសនៅក្នុងអ្វីដែលប្រទេសទាំងពីរបានសម្រេចឯកភាពគ្នាកាលពីឆ្នាំកន្លងទៅនេះគឺការបង្កើតសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិនហើយយើងអាចដាក់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ ។

លោកប្រធានាធិបតីបានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីដែលមានភក្តីភាពជាមួយប្រជាជនចិននិងរដ្ឋាភិបាលចិន។កម្ពុជានិងសម្តេចតេជោ នាយករដ្ឋមន្ត្រីជាមិត្ត «ដែកថែប» របស់ចិន ។ លោកប្រធានាធិបតីបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំនេះ ពលរដ្ឋចិនតែងតែជួបនូវឧប សគ្គជាច្រើន ហើយចុងក្រោយនេះពលរដ្ឋចិនមានភាពក្លាហានប្រឈមមុខជាមួយគ្រោះថ្នាក់ដែលមិនអាចចៀសវាងបាន តែក៏អាចដោះស្រាយបញ្ហានោះបាន។

លោកប្រធានាធិបតីចិនបានថ្លែងថា លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន ។ មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។មិនតែប៉ុណ្ណោះ សម្តេចតេជោនិងរដ្ឋាភិបាលកម្ពុជាបន្តគាំទ្រនិងជឿទុកចិត្តប្រទេសចិន។
លោកប្រធានាធិបតីបានគូសបញ្ជាក់ថា កម្ពុជាជាមិត្តស្មោះត្រង់របស់ចិន។លោកប្រធានាធិបតីក៏បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។លោកប្រធានាធិបតីក៏បានអរព្រះគុណព្រះមហាក្សត្រ និង ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន។
លោកប្រធានាធិបតីបានគូសបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ថា សម្តេច ហ៊ុន សែន អាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពេលណាក៏បានហើយលោកប្រធានាធិបតីអាចជួបសម្តេចតេជោច្រើនដងនិងញឹកញាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕/Ha
