ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​វិថី​ចំនួន​៤​ខ្សែ​កំពុងដំណើរការ​ចាក់​បេតុង​នៅក្នុង​ចំណោម​ផ្លូវ​៣៤​ខ្សែ​ដែល​កំពុង​សាងសង់​នៅក្នុង​ក្រុងព្រះសីហនុ​ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន​៦​និង​កងវិស្វកម្ម​ចំនួន​ពីរ​និង​ខ្សែ​ផ្លូវ​ផ្សេងទៀត​កំពុង​សម្រុក​សាងសង់​គ្រឹះ​តាម​កម្មវិធី​របស់​ក្រុមហ៊ុន​នីមួយ​ដើម្បី​ឈានទៅ​ចាក់​បេតុង​ជា​បន្តបន្ទាប់​ដែរ​។​

លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​ពេលនេះ​មាន​ផ្លូវ​ចំនួន​៤​ខ្សែ នៅក្នុង​ចំណោម​ផ្លូវ​ទាំង​៣៤ ខ្សែ​បាន​នឹង​កំពុងដំណើរការ​ចាក់​បេតុង​យ៉ាងសកម្ម តាម​កម្មវិធី​ការងារ​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​បី​និង​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​ថ្នល់​នៃ​ក្រសួងការពារជាតិ​។​

ការដ្ឋាន​ផ្លូវ​ដែល​បាន​នឹង​កំពុង​ដំណើរ​ចាក់​បេតុង​៤​ខ្សែ​នេះ​លោក​គួច​ចំរើន​បាន​ប្រាប់​ឱ្យដឹងថា​មាន​ក្រុម​ហេង​សម្បត្តិ​ដែល​បាន​ដំណើរ​ការល្អ​និង​ចាក់​រួច​បាន​ច្រើនជាងគេ​បន្ទាប់​គឺ​កង​វិសកម្ម​លេខ​១៧៨​ស្ពាន​ថ្នល់​របស់​ក្រសួងការពារជាតិ ក្រុមហ៊ុន VT និង​ក្រុមហ៊ុន​ពឹ​ស្ណុ​កា ។

ឯ​ខ្សែ​ផ្លូវ​ផ្សេងៗ​ទៀត​កំពុងដំណើរការ​សាងសង់​គ្រឹះ​។​នៅ​ក្រុងព្រះសីហនុ​ពេលនេះ​ផ្លូវ​មួយណា​ក៏ត្រូវ​បាន​គេ​មើលឃើញ​កំពុងធ្វើការ​សាងសង់​យ៉ាងសកម្ម​ដូច្នេះ​ការធ្វើ​ចរាចរ​ឆ្លងកាត់​ពិតជា​ត្រូវ​ជួប​ការលំបាក​។​មិនមែន​តែ​ផ្លូវ​ចាស់​នៅក្នុង​ក្រុង​នោះទេ​ដែល​កំពុង​សម្រុក​សាងសង់​ផ្លូវ​ថ្មី​កាត់​ព្រៃ​តាម​ឆ្នេរ​ក៏ត្រូវ​បាន​សម្រុក​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​ដែរ ដែរ​។​

​រំលឹក​ឱ្យដឹងថា​ផ្លូវ​ចំនួន​៣៤​ខ្សែ​ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន​៦​កងវិស្វកម្ម​សម្តេច​ហ៊ុនសែន​សៀមរាប​និង​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​ថ្នល់​នៃ​ក្រសួងការពារជាតិ​នេះ​មាន​ប្រវែង​សរុប​៨៤.៥០៥​ម៉ែត្រ ជា​គម្រោង ដែល លើកឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ សមុទ្រ​កម្ពុជា​ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ជា​ប្រធាន តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ ។

​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ចាក់​ដោយ​បេតុង​ឆ្អឹង​កម្រាស់​០.២៥​ម៉ែត្រ និង​អ៊ុត​បេ​ទី​ម​បន្ថែម​ពីលើ​កម្រាស់ ០.០៦​ម៉ែត្រ​។​ការដ្ឋាន​សាងសង់​ផ្លូវ​ខាងលើនេះ​បាន​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច អ​គ្ក​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០២៩៕S/​