ក្រុមគ្រូពេទ្យបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មនុស្ស ៧ នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធទី៥កុម្ភៈនៅទីសក្ការៈបូជាមួយក្នុងទីក្រុងណាចាហ្វរបស់អ៊ីរ៉ាក់ បន្ទាប់ពីក្រុមអ្នកគាំទ្របព្វជិតដ៏មានឥទ្ធិពលឈ្មោះ ម៉ុកតាដា សាដ (Moqtada Sadr) បានវាយឆ្មក់ចូលជំរំតវ៉ាប្រឆាំងរដ្ឋាភិបាល។

ការប៉ះទង្គិចនេះកត់សម្គាល់ព្រឹត្តិការណ៍ដ៏បង្ហូរឈាមបំផុតនៅក្នុងភាពតានតឹងដែលកំពុងកើនឡើងរវាងលោកសាដ ដែលជាកងជីពលប្រែក្លាយជាអ្នកនយោបាយដែលមានអ្នកគោរពដូចបុព្វជិតនៅទូទាំងប្រទេសអ៊ីរ៉ាក់ និង ការប្រមូលផ្តុំតវ៉ាបែបវិមជ្ឈការ ដែលទាមទារឱ្យមានការផ្លាស់ប្តូររបបចាប់តាំងពីខែតុលា។

ដំបូងឡើយលោកសាដបានគាំទ្រការធ្វើបាតុកម្មប៉ុន្តែបានផ្តាច់ចេញពីពួកគេភ្លាមៗកាលពីចុងសប្តាហ៍នេះ ដោយគាំទ្រលោកម៉ូហាម៉ាត់ អាល់ឡាវី ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសនេះ។

ចលនាបាតុកម្មស្នូលមើលឃើញលោកអាល់ឡាវីអាយុ ៦៥ ឆ្នាំដែលជាអតីតរដ្ឋមន្រ្តី មានភាពជិតស្និទ្ធនឹងពួកឥស្សរជននយោបាយ។

ភាពតានតឹងរវាងជំរំទាំងពីរបានឈានដល់ចំណុចក្តៅគគុក ដោយក្រុមអ្នកគាំទ្រលោកសាដ ដែលជាធម្មតាត្រូវបានកត់សម្គាល់ដោយមួកខៀវ បានសម្រុកទៅរំខានក្រុមបាតុករ ដែលបានស្រែកជេរប្រឆាំងនឹងបុព្វជិតរូបនេះ។

សាក្សីបាននិយាយថា កាលពីថ្ងៃពុធក្រុមអ្នកគាំទ្រលោកសាដបានឆ្មក់វាយប្រហារលើតង់បោះជំរំប្រឆាំងនឹងរបបអ៊ីរ៉ាក់នៅទីក្រុងណាចាហ្វ ហើយការប៉ះទង្គិចគ្នាបានផ្ទុះឡើង មុនពេលកងកម្លាំងសន្តិសុខធ្វើអន្តរាគមន៍ដើម្បីបំបែកភាគីទាំងពីរ។

ក្រុមគ្រូពេទ្យនៅក្រុងបាននិយាយថា បាតុករប្រឆាំងរដ្ឋាភិបាល ៧ នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ចំក្បាលឬដើមទ្រូង ហើយមនុស្សរាប់សិបនាក់ទៀតបានរងរបួស៕ ដោយ៖ កញ្ញាដាលីស

ស្លាប់៧នាក់និងរបួសរាប់រយនាក់ពេលអ្នកគាំទ្របុព្វជិតឈ្មោះ ម៉ុកតាដា សាដ វាយឆ្មក់លើជំរំតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទីក្រុងណាចាហ្វកាលពីថ្ងៃពុធ