ចិនកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ បានរាយការណ៍អំពីការស្លាប់មនុស្សបន្ថែមពីការផ្ទុះវីរុសឆ្លង ដោយក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកស្លាប់ថ្មី៧៣នាក់បន្ថែម ជាហេតុនាំឲ្យចំនួនអ្នកស្លាប់សរុបដោយកូរ៉ូណាវីរុសនេះឡើងដល់៥៦៣នាក់។
ចំនួនអ្នកឆ្លងក៏កើនថេរ ដោយកាលពីថ្ងៃពុធ មានអ្នកឆ្លង៣.៦៩៤នាក់ និងសរុបមនុស្ស២៨.០១៨នាក់បានឆ្លងវីរុសថ្មីនេះក្នុងប្រទេសចិន។
អាជ្ញាធរក្នុងខេត្តហ៊ូប៉ី នៅថ្ងៃនេះបានរាយការណ៍អំពីការស្លាប់ថ្មី៧០នាក់បន្ថែម និងអ្នកឆ្លងថ្មី៣.១៥៦ករណីនៅក្នុងខេត្ត។
ក្នុងពេលជាមួយគ្នា អ្នកជំងឺបង្កឡើងដោយកូរ៉ូណាវីរុស១.១៥៣នាក់បានជានិងចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីចិនលី ឃឹឈាំង បាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺធានាថា ខេត្តហ៊ូប៉ីនិងក្រុងវូហានទទួលបានគ្រឿងផ្គត់ផ្គង់ចាំបាច់និងបុគ្គលិកពេទ្យសម្រាប់ដោះស្រាយនឹងវីរុសនេះ។
ចិនយកកីឡដ្ឋាននិងសាលប្រជុំដាក់គ្រែទទួលអ្នកជំងឺសិន ដោយសារល្បឿននិងទំហំនៃការឆ្លងនៅហ៊ូប៉ីធំធេង
អាជ្ញាធរចិនកាលពីថ្ងៃពុធបានព្រមានអំពីការខ្វះខាតគ្រែអ្នកជំងឺនិងគ្រឿងបរិក្ខារពេទ្យយ៉ាងច្រើនដើម្បីដោះស្រាយជាមួយនឹងអ្នកជំងឺហូរចូលកាន់តែច្រើន។ខេត្តហ៊ូប៉ី គ្រាន់តែមួយថ្ងៃពុធម្សិលមិញ មានអ្នកឆ្លងថ្មី៣.១៥៦នាក់ ។
ប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរបែបនេះអង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធទី៥កុម្ភៈ បានអំពាវនាវរកជំនួយ៦៧៥លានដុល្លារសម្រាប់ផែនការប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស។
ប្រធានអង្គការសុខភាពពិភពលោកបើកកិច្ចប្រជុំនិងធ្វើសន្និសីទកាសែតស្តីពីកូរ៉ូណាវីរុស
ប្រធានអង្គការបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅក្រុងហ្ស៊ឺណែវថា«ថ្ងៃនេះ យើងចាប់ផ្តើមការត្រៀមខ្លួនយុទ្ធសាស្ត្រនិងផែនការឆ្លើយតប…យើងស្នើសុំប្រាក់៦៧៥លានដុល្លារដើម្បីទ្រទ្រង់ផែនការនេះនៅរយៈពេល៣ខែទៅមុខ។សាររបស់យើងទៅកាន់សហគមន៍អន្តរជាតិគឺត្រូវវិនិយោគនៅថ្ងៃនេះ បើមិនដូច្នេះទេនឹងត្រូវចំណាយខ្ពស់ជាងនេះនៅថ្ងៃក្រោយ»៕ប្រែសម្រួល៖វាសនា/Ha