បញ្ហា​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ដែល​បំផ្លាញ​ផ្លូវ មួយផ្នែក បានកើត​ឡើង ដោយ សារតែ មន្ត្រី​ជំនាញ​មួយចំនួន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រចាំការ​នៅតាម​ស្ថានីយ ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវរ៉ូវ​នឹង​ឈ្មួញ​។​តែមួយ​ផ្នែក​ទៀត ក៏បង្ក​ឡើង​ដោយ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ មាន​ខ្សែ​ក្រាស់ៗ ដែល​បាន​កាង​ឡាន​ដឹកទំនិញ​ទាំងនោះ មិន​ឲ្យ​ចូល​ឡើង​ជញ្ជីង​ថ្លឹង​ក៏​ធ្លាប់ កើតមាន​ដែរ​។​

​យ៉ាងណា​ក៏ដោយចុះ នៅពេលនេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេច​កែសម្រួល​ដែលជា​របៀប​វះកាត់​ទ្រង់ទ្រាយ​ធំ​លើ​មន្ត្រី បម្រើការ​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​និង​បង្កើន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ផងដែរ​។​
​ ​
កិច្ចប្រជុំ​កែសម្រួល​សមាសភាព​មន្ត្រី​បំរើការ​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត គឺ​យោង​លើ​អនុក្រឹត្យ​លេខ ១៤១ ស្តីពី ការបង្កើត​គណៈកម្មាធិកា​រ ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ កម្រិត​កំណត់ ដែល​អនុក្រឹត្យ​នេះ ចេញ​តាំងពី​ជំនាន់​លោក ត្រាំ អ៊ីវតឹក​នៅ​ធ្វើជា​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ពោលគឺ​នៅមុន​ខែមេសា ឆ្នាំ​២០១៦​។​
​ ​
លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា នេះ​ជាការ​កែសម្រួល​ទ្រង់ទ្រាយ​ធំ​លើ​មន្ត្រី​បម្រើ ការ​នៅ​អង្គភាព​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​មន្ត្រី​នៃ​លេខាធិការ ដ្ឋា​ន​នៃ​គណៈកម្មការ​សម្របសម្រួល​អចិន្ត្រៃយ៍ និង​គណៈកម្មការ​សម្របសម្រួល​អចិន្ត្រៃយ៍ ក្នុង​គោលបំណង ផ្លាស់ប្តូរ​មន្ត្រី​អនុវត្ត ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង​បង្កើន​វិធានការ យ៉ាង​ម៉ឺងម៉ាត់ លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

​បន្ថែម​ពីលើ​ការកែប្រែ​សមាសភាព​នេះ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បានបង្ហាញ​ពី​ប្រព័ន្ធ បច្ចេកវិទ្យា​ថ្មី ដោយ​ប្រើប្រាស់​កាមេរ៉ា និង​ជញ្ជីង​ស្វ័យប្រវត្តិ ដើម្បី​ជា​យន្តការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន ដែល​អាច​បញ្ជូន​ព័ត៌មាន បាន​យ៉ាង​រហ័ស ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ ក៏បាន​បង្ហើប​ពី​គម្រោង​បង្កើត​កម្មវិធី​រាយការណ៍ យានយន្ត​ដឹក​លើស​ទម្ងន់ និង​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ទូរស័ព្ទដៃ ដូច​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App​។

​ក្នុង​កិច្ចប្រជុំ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​ទទួលបាន​ធាតុ​ចូល​សំខាន់ៗ​មួយចំនួន ពី​ក្រសួង​ពាក់ព័ន្ធ និង​តំណាង​រដ្ឋបាល​ទាំង ២៥​រាជធានី​ខេត្ត ដើម្បី​ស្វែងរក​យន្តការ​ទប់ស្កាត់ បទល្មើស​នៃ​ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ពង្រាយ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ចំនួន​២៧ កន្លែង​នៅ​ទូទាំង​រាជធានី​ខេត្ត នៅតាម​ផ្លូវជាតិ​សំខាន់ៗ​។ ក្នុងនោះ ក៏មាន​ជញ្ជីង​ថ្លឹង​រថយន្ត ចល័ត​តាម​ផ្លូវជាតិ​សំខាន់ៗ ផងដែរ​។​

​យ៉ាងណាក៏ដោយ គេ​នៅចាំ​មិន​ភ្លេច​ទេ​ថា បញ្ហា​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ ដែល​នាំ​ឲ្យ​ខូចខាត​ផ្លូវថ្នល់​។ កន្លងមក រដ្ឋមន្ត្រី ក៏បាន​ដក​មន្ត្រី​មួយចំនួន ដែល​ប្រព្រឹត្ត​កំហុសឆ្គង តាម​ស្ថានីយ​ថ្លឹង​រថយន្ត​នេះ​ផងដែរ​។

​ក្នុង​សន្និបាត​របស់​ក្រសួង កាលពី​ខែមករា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន ទទួល​ស្គាល់ កំហុស ដែល​មិនបាន​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​មន្ត្រី​កាន់​ស្ថានីយ​ថ្លឹង​រថយន្ត​។ រៀងរាល់ខែ ក៏មាន​របាយការណ៍​ពី​ការចាប់​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ព្រមទាំង​ពិន័យ​ម្ចាស់​រថយន្ត​ទាំងនោះ ផងដែរ​។ ប៉ុន្តែ​ក៏មាន​មន្ត្រី​ប្រចាំការ នៅ​ជញ្ជីង​ថ្លឹង​មួយចំនួន បាន​ប្រព្រឹត្ត​អំពើពុករលួយ ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ បើកបរ​លើផ្លូវ​ថ្នល់​ដែរ​។
​ ​
​រៀងរាល់ខែ ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្នែក​ជញ្ជីង​ថ្លឹង​រថយន្ត ក៏បាន​បន្ត​ចាប់​ឃាត់​រថយន្ត​ផ្ទុក​លើស​ចំណុះ ពិសេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ធំៗ​ហើយ​បើតាម របាយការណ៍ គឺ​រថយន្ត​ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់ ចាប់ពី ៥​តោន រហូតដល់ ៣២​តោន ក្នុង មួយគ្រឿងៗ​។​
​ ​
ការផ្ទុក​ទំនិញ​លើស​ទម្ងន់​នេះ បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ច្រើនយ៉ាង​។ ទីមួយ​.​រថយន្ត​ផ្ទុកទំនិញ លើស​ទម្ងន់ បង្ក​មហន្តរាយ​ខ្លាំងជាងគេ គឺ​ធ្វើ​ឲ្យ​ខូច​ផ្លូវ បាក់​ស្ពាន​ដែល​យើង​បានឃើញ​ការ ចុះផ្សាយ​តាម​សារព័ត៌មាន និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ញឹកញាប់​រួចមកហើយ​និង​ទី​ពីរ​រថយន្ត ដឹកទំនិញ​លើស​ទម្ងន់​កំណត់​នេះ ក៏​ពេលខ្លះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ដូចជា ករណី​នៅលើ​ស្ពាន​អ្នក​លឿង កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​ថ្មីៗ​នេះ គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កំណត់​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​ខូចខាត​ស្ពាន បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ដោយសារតែ​រថយន្ត​ដឹក​ធ្ងន់​។​
​ ​
ជា​ដំណោះស្រាយ មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង គួរតែ​ស្មោះត្រង់ មាន​ភាព​ទទួលខុសត្រូវ​ធ្វើការដោយ​វិជ្ជាជីវៈ មិនត្រូវ​បន្ត​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ បន្ត​បើកបរ​ឆ្លងកាត់​ផ្លូវ ពិសេស​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត ដោយ​គ្រាន់តែ​ក្រុម​ឈ្មួញ​អ្នករកស៊ី​ដឹកជញ្ជូន​ទាំងនោះ បង់លុយ ដាក់​ខែ​ឲ្យ ហើយ​ឡានធំៗ ដឹកទំនិញ ចង់​ផ្ទុកទំនិញ​លើស​ប៉ុន្មាន​តោន​ក៏​ស្រេច​តែ ឡាន​ទាំងនោះ​ទៀតឡើយ​។
​ ​
ករណី​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង បណ្តែតបណ្តោយ និង​ស៊ីលុយ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ ដក​មន្ត្រី​ខិលខូច​ទាំងនោះ​បញ្ឈរ ជើង ហើយ​ក៏មាន​ករណីខ្លះ ក្រសួង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផងដែរ​។
​ ​
ចំណែក​ឈ្មួញ​រកស៊ី​ឡាន​ដឹកជញ្ជូន​ទំនិញ ក៏​គួរតែ​ដល់ពេល ភ្ញាក់រលឹក​ផង​។ ខ្លួន​ធ្វើ​មាន ធ្វើបាន ហើយ​បែរជា​ផ្ទុកទំនិញ​លើស​ចំណុះ បណ្តាល​ឲ្យ​ខូច​ផ្លូវ និង​ពេលខ្លះ បង្ក​ជា​គ្រោះថ្នាក់​ប៉ះពាល់ ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​អ្នកធ្វើដំណើរ​តាមផ្លូវ តើ​សម​ដែរ ឬទេ​? គួរតែ​រកស៊ី​តាម​ផ្លូវធម៌ សុច្ចរិត ក៏មាន​បាន ហើយក៏​អាច​រស់នៅ​នឹង​គេ ហើយក៏​គេ​បាន​សុខ​ជាមួយ​ខ្លួន​ផង​។ ផ្ទុយទៅវិញ នៅពេល​ផ្ទុក​លើស​ចំណុះ បើ​មន្ត្រី​ជំនាញ ចាប់បាន នឹងត្រូវ​ខាត​ពេលវេលា​ផង​និង​ត្រូវ​រើ​ទំនិញ លើស​ចំណុះ​នោះ​ចេញ​ផង ហើយក៏​ត្រូវ​ផាកពិន័យ​លុយ​ថែម​មួយកម្រិត​ទៀត​។​
​ ​
មួយវិញទៀត ក៏​ធ្លាប់​មានការ​លើកឡើងថា កន្លងមក ក្រុមហ៊ុន​ដឹកជញ្ជូន​ធំៗ​មួយចំនួន​សុទ្ធតែ មាន​ខ្នង​ក្រាស់ៗ នៅ​កាង​ពីក្រោយ ដោយ​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង​រថយន្ត ត្អូញត្អែរថា មិនអាច​ប៉ះ​បានឡើយ​។ រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ ក៏​មិន​ចូល​ជញ្ជីង​ថ្លឹង​ទេ​ហើយក៏​មិន ខ្លាចញញើត​នឹង​មន្ត្រី​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​ទម្ងន់​ដែរ ចង់​ដាក់​លើស​ប៉ុន្មាន​តោន​ក៏បាន ស្រេច​តែ​ចិត្ត​។ ករណីនេះ ប្រហែលជា​សូម្បី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​មិនមាន​ឥទ្ធិពល អាច​ចាប់​ឡាន​ទាំងនោះ យកមក​ពិនិត្យ​បាន​ផង​។​
​ ​
សរុបមក បើសិនជា​មន្ត្រី​អនុវត្ត​ច្បាប់ ពោលគឺ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​តឹងរឹង គឺ​នឹង​មិនមាន​រថយន្ត​ដឹក​លើស​ទម្ងន់​ទេ ព្រោះថា រថយន្ត​ទាំងអស់ នៅពេល​ផ្ទុកទំនិញ មុន​ចេញដំណើរ​ពី​ក្រុមហ៊ុន គឺ​មន្ត្រី​ជំនាញ ត្រូវ​ថ្លឹង​ម្តង ហើយ​នៅតាម​ផ្លូវជាតិ​ធំៗ គឺ​ត្រូវ​ចាប់​រថយន្ត​ដឹក ទំនិញ​ទាំងអស់ ត្រួតពិនិត្យ ថ្លឹង​ម្តងទៀត និង​នៅពេល​ចូលដល់​កន្លែង​ទម្លាក់​ទំនិញ ក៏ត្រូវ​ថ្លឹង​ម្តងទៀត ដើម្បី​ផ្ទៀងផ្ទាត់​។ នេះ​ជា​វិធី​ងាយៗ ដែល​មន្ត្រី​ជំនាញ អាចធ្វើ​បាន ក្នុង​បំណង​ថែរក្សា​ផ្លូវ​។
​ ​
ជារួមក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ផ្លាស់ប្តូរ​មន្ត្រី​ជំនាញ ទទួល​ផ្នែក​ជញ្ជីង ថ្លឹង​រថយន្ត នាពេលនេះ ជា​វិធានការ​មួយផ្នែក​ហើយ ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​រថយន្ត ដឹក​លើស​ទម្ងន់​។ ក៏ប៉ុន្តែ​ការតាមដាន និង​អនុវត្ត ក៏​គួរតែ​រដ្ឋមន្ត្រី ដាក់ចេញ ដើម្បី​ឲ្យ​ប្រាកដថា អ្នកថ្មី មិន​ដូច​អ្នក​ចាស់ ហើយក៏​កុំ​ឲ្យ​ដូច​ពាក្យ​គេ​ពោ​លតៗ​គ្នា​ថា «​អ្នកថ្មី ចង់​កែទម្រង់​ការងារ តែ​បែរជា​ត្រូវ​ការងារ កែទម្រង់​អ្នកថ្មី​វិញ​» ៕ ដោយ​:​ម៉េង​ឆៃ​