ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ថ្មីៗនេះ លោក ហែម គីរី អគ្គលេខាធិការ និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក បានចុះត្រួតពិនិត្យ អាងហែលទឹក នៅស្រុកកោះធំ ខេត្តកណ្តាល ក្រោយពីការកែសម្រួល បច្ចេកទេសម្តងទៀត ដែលពេលនេះ សាងសង់បានប្រមាណជិត ៨៥ ភាគរយហើយ។ តាមការ គ្រោងទុក អាងនេះ នឹងបញ្ចប់នៅចុងខែកុម្ភៈនេះ។
លោក ហែម គីរី បានប្រាប់ឲ្យដឹងថា អាងហែលទឹកនេះ សាងសង់ទៅតាមស្តង់ដារបច្ចេកទេស ដែលមានទទឹង ២០ ម៉ែត្រ បណ្តោយ ២៥ ម៉ែត្រ តាមខ្នាតស្ដង់ដារអន្តរជាតិ ហើយអាងនេះ អាចរៀបចំការប្រកួត ជាលក្ខណៈអន្តរជាតិ ខ្នាតតូច និងសម្រាប់ការហ្វឹកហាត់ផង ចំពោះកីឡាករ -កីឡាការិនី ហែលទឹក ស្រុកកោះធំ ខេត្តកណ្តាល ក្នុងការត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ដែលនឹងប្រព្រឹត្តិទោ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
លោកបានបន្តថា អាងហែលទឹកនេះ មានបន្ទប់ទឹក សម្រាប់កីឡាករ-កីឡាការិនី ហែលទឹក ប្រើប្រាស់ ការិយាល័យធ្វើការរបស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់ សម្រាប់បញ្ជាការប្រកួត) និងទីលានអង្គុយទស្សនា ដែលមានដំបូល។
អាងហែលទឹកនេះ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន ស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកា សរុបប្រមាណ ៣០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក សម្រាប់សិស្សានុសិស្ស ក៏ដូចជា កីឡាករហែលទឹក អាចហ្វឹកហាត់កីឡា ដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣៕v