ការមកដល់របស់លោក គីកេ សេតេន (Quique Setien) នៅក្លឹប Barcelona អាចនឹងអូសទាញឲ្យខ្សែបម្រើអេស្ប៉ាញ ហ្វាបៀន រូស (Fabian Ruiz) ឲ្យបញ្ចប់កិច្ចព្រម ព្រៀងជាមួយក្លឹប Real Madrid ហើយផ្ទេរមកកាន់ពហុកីឡាដ្ឋាន Nou Camp ជំនួសវិញនេះបើតាមសេចក្តីរាយការណ៍ ជាច្រើននាពេលថ្មីៗនេះ។
រូស គឺជាខ្សែបម្រើម្នាក់ក្នុងចំណោមខ្សែបម្រើឆ្នើមនៅតំបន់អឺរ៉ុប ហើយរំពឹងថាកីឡាកររូបនេះ នឹងចាកចេញពីក្លឹប Napoliដើម្បីទៅចូលរួមជាមួយក្រុមមួយក្នុងចំណោមក្រុមធំពីរនៅអេស្ប៉ាញ នៅរដូវក្តៅឆ្នាំក្រោយ។
កីឡាករវ័យ២៣ឆ្នាំរូបនេះធ្លាប់លេងនៅក្រោមការដឹកនាំរបស់លោក សេតេន កាលនៅក្លឹប Real Betis ហើយធ្វើបានល្អមុនពេលផ្ទេរទៅលេងនៅក្របខណ្ឌ Serie A ក្នុងតម្លៃខ្លួនខ្ពស់កាល ពីរដូវក្តៅឆ្នាំ២០១៨។
រូស បានព្រមព្រៀងជាសម្តីខ្លះហើយជាមួយគ្រូបង្វឹកក្លឹប Real Madrid លោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidan) ថា ពហុកីឡាដ្ឋាន Bernabeu នឹងក្លាយជាគោលដៅបន្ទាប់។
ប៉ុន្តែការសន្យានេះកើតមានតាំងពីពេលលោក អឺណេស្តូ វ៉ាលវើដ (Ernesto Valverde) នៅដឹកនាំក្លឹប Barcelona ហើយនៅពេលនេះ មានការអះអាងថា ការមកដល់របស់លោក សេតេន នៅក្លឹប Barcelona អាចនឹងធ្វើឲ្យមានការប្តូរគំនិតរបស់កីឡាកររូបនេះ៕ ប្រែសម្រួល: ពិសិដ្ឋ