ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានក្រូចឆ្មារ ប៉ុន្តែដឹងទេថាអាហារនេះ អាចជួយបំបាត់ស្ត្រេសបាន?
១. ប្រើជាគ្រាប់បាល់បំបាត់ស្ត្រេស
ធ្លាប់ដឹងទេថាអ្នកអាចប្រើក្រូចឆ្មារជាគ្រាប់បាល់បំបាត់ស្ត្រេសបានដោយគ្រាន់តែញី ឬរំកិលវាលើផ្ទៃរឹងណាមួយ? ដើម្បីកាត់បន្ថយស្ត្រេសអ្នកអាចដាក់ក្រូចឆ្មារ ២ ផ្លែលើតុ ឬផ្ទៃរាបស្មើ ណាក៏បានបន្ទាប់មកញីក្រូចឆ្មារចុះឡើងជាមួយបាតដៃទាំងសងខាង។
២. ប្រើជាឧបករណ៍ម៉ាស្សាជើង
អ្វីដែលអ្នកត្រូវធ្វើ គឺប្រើបាតជើងជាន់ថ្នមល្មមលើក្រូចឆ្មារដែលដាក់លើផ្ទៃរាបស្មើ ឬកម្រាលឥដ្ឋរួចរំកិលចុះឡើង។ វិធីនេះក៏អាចជួយបំបាត់ស្ត្រេសបានមួយកម្រិតផងដែរ។
៣. ប្រើជាផលិតផលផ្ដល់ក្លិនក្រអូប
ក្លិននៃក្រូចឆ្មារមានប្រសិទ្ធភាពបំបាត់ស្ត្រេសបានយ៉ាងប្រសើរ។ ដូច្នេះប្រសិនបើមានស្ត្រេសខ្លាំង អ្នកអាចសាកល្បងហិតក្លិនសំបកក្រូចឆ្មារដើម្បីបន្ធូរអារម្មណ៍ខ្លះ។
៤. ប្រើជាភេសជ្ជៈបង្កើនថាមពល
ទោះបីជាការទទួលទានទឹកធម្មតា ១កែវ គឺគ្រប់គ្រាន់ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ទប់ទល់ នឹងភាពស្ត្រេស។ ប៉ុន្តែអ្នកក៏អាចបង្កើនលក្ខណៈសម្បត្តិកាត់បន្ថយស្ត្រេសនៃទឹកធម្មតា បានដោយបន្ថែមទឹកក្រូចឆ្មារស្រស់ចូល។ បើប្រៀប ធៀបនឹងភេសជ្ជៈកីឡាឬភេសជ្ជៈប៉ូវកម្លាំង ផ្សេងទៀត ទឹកក្រូចឆ្មារជាភេសជ្ជៈធម្មជាតិល្អចំពោះសុខភាពជាង។
៥. ប្រើជាភេសជ្ជៈធម្មជាតិជំនួសកាហ្វេ
ជាតិកាហ្វេអ៊ីនក្នុងកាហ្វេពេលខ្លះអាចនឹងបណ្ដាលឱ្យអ្នកមានអារម្មណ៍កាន់តែស្ត្រេសថែម! ដូច្នេះដើម្បីជាការប្រសើរអ្នកអាចទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗជំនួសវិញ។ អ្វីដែលអ្នក ត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកក្រូចឆ្មារម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង រួចកូរឱ្យសព្វសឹមទទួល ទាន។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចចូលដើម្បីបង្កើនរសជាតិផងដែរ។
៦. ជាភេសជ្ជៈពង្រឹងប្រព័ន្ធភាពស៊ាំ
ស្ត្រេសក៏ជាកត្តាចម្បងមួយដែលបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។ ប៉ុន្តែកុំបារម្ភ! ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ដូច្នេះកុំភ្លេចរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ៕ ដោយៈ health.com.kh