ដោយ៖រ៉ូហ្សា
តាកែវ ៖ កាលពីរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព និងជាអនុប្រធានសហព័ន្ធទូកកានូ និង រ៉ូអ៊ីងកម្ពុជា តំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាទូកប្រពៃណី (ទូកនាគ) ទូកកានូ -ជ្រើសរើសភូមិភាគនិរតី ពានរង្វាន់ ស ខេង លើកទី២ ឆ្នាំ២០២០ នៅទន្លេបាទី ខេត្តតាកែវ។

ការប្រកួតកីឡាទូកប្រពៃណី (ទូកនាគ) ទូកកានូ -ជ្រើសរើសភូមិភាគនិរតី ពានរង្វាន់ ស ខេង លើកទី២ មាន ៦ ខេត្ត ចូលរួម គឺខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកោះកុង និងមាន ៣ វិញ្ញាសាផ្នែកបុរស ១២ នាក់ ចម្ងាយ ១.០០០ ម៉ែត្រ ផ្នែកនារី ១២នាក់ ចម្ងាយ ៥០០ ម៉ែត្រ ព្រមទាំងផ្នែកចម្រុះបុរសនារី ចម្ងាយ ៥០០ ម៉ែត្រ។

សម្រាប់លទ្ធផលបច្ចេកទេស ផ្នែកវិញ្ញាសា ៥០០ ម៉ែត្រ ចម្រុះបុរសនារី៖ មេដាយមាស បានទៅលើ សមាគមកីឡាខេត្តតាកែវ មេដាយប្រាក់ បានទៅលើសមាគមកីឡាខេត្តកែប និងមេដាយសំរិទ្ធ បានទៅលើសមាគមកីឡាខេត្តតាកែវ។ ចំណែកផ្នែកវិញ្ញាសា ៥០០ ម៉ែត្រនារី៖ មេដាយមាស បានទៅលើសមាគមកីឡាខេត្តតាកែវ និងមេដាយប្រាក់ បានទៅលើសមាគមកីឡាខេត្តកែប។ រីឯផ្នែកវិញ្ញាសា ១.០០០ ម៉ែត្របុរស៖ មេដាយមាស បានទៅលើសមាគមកីឡាខេត្តកោះកុង មេដាយប្រាក់ បានទៅលើសមាគមកីឡាខេត្តកំពង់ស្ពឺ និងមេដាយសំរិទ្ធ បានទៅលើសមាគមកីឡាខេត្តព្រះសីហនុ ៕v


