ដោយៈសុផល/ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបថវិកា ២៧៦,២៦៦ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សាក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ និងគម្រោងសាងសង់ប្រព័ន្ធមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកប្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
លោកឯកអគ្គរាជទូតបានមានប្រសាសន៍ឱ្យដឹងថា៖សម្រាប់គម្រោងសាងសង់អគារសិក្សាក្នុងអនុវិទ្យាល័យបន្ទាយប្រណាកខេត្តកំពង់ស្ពឺ គឺរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ ៩ម៉ឺនដុល្លារ សម្រាប់សាងសង់អគារសិក្សា៦បន្ទប់ និងបង្គន់អនាម័យចំនួន ២បន្ទប់ សំដៅធានាបាននូវបរិយាកាសសិក្សាប្រកបសុវត្ថិភាព និងមានផាសុកភាពជាងមុនសម្រាប់សិស្សានុសិស្ស។
ដោយឡែកគម្រោងសាងសង់ប្រព័ន្ធមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ គឺមានទឹកប្រាក់សរុបជាង ១៨ម៉ឺនដុល្លារ សម្រាប់ធានាឲ្យបាននូវការទទួលបានទឹកស្អាតនិងអនាម័យ តាមរយៈការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងតម្លើងប្រព័ន្ធបណ្តាញចែកចាយទឹកនៅមណ្ឌលអភិវឌ្ឍន៍យោធិនក្នុងខេត្តបន្ទាយមានជ័យ។គម្រោងនេះបានត្រូវរំពឹងថា ប្រជាជនប្រមាណ១៨០០នាក់ ដែលភាគជាជនមានពិការភាពនឹងទទួលបានទឹកស្អាតប្រើប្រាស់។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានឲ្យដឹងផងដែរថា តាំងពីឆ្នាំ១៩៩១ រហូតមកដល់បច្ចុប្បន្ន ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានផ្តល់ជំនួយជាង៦០០គម្រោង តាមយៈជំនួយគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុនជំនួយឧបត្ថម្ភសុខមនុស្សជាតិ(ជំនួយគូសាណូណិ) សម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូចនៅកម្ពុជា៕B/