កិច្ចខិតខំបញ្ជាករណីចាំបាច់ក្នុងការ​រក្សាកិត្តិយសនិងមោទនភាពដែល​ទទួលបាន

ដោយ:បូកគោ/កំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថារាល់មោទនភាព ក៏ដូចជាលទ្ធផលសំខាន់ៗដែលខេត្តទទួលបានគឺកើតចេញពីកិច្ចខិតខំដោយទឹកចិត្តជ្រះថ្លាក្នុងស្មារតីទទួលខុសត្រូវទាំងអស់គ្នា។ កិច្ចការពារ និងការប្រឹងប្រែងបន្ថែមជាករណីចាំបាច់ដើម្បីរក្សាកិត្តិយស ឬទទួលបានកេរ្តិ៍ឈ្មោះបន្ត។

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងក្រុងកំពតប្រកបដោយភាពអធិកអធមបំផុត។

ភ្ជាប់ជាមួយពិធីដ៏ឱឡារឹកនេះ លោកជាវ តាយបានមានប្រសាសន៍ថាជាមោទនភាពបំផុតដែលក្រុងកំពតត្រូវបានវាយតម្លៃថាទីក្រុងស្អាតទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។

សមិទ្ធផលចម្បងៗ ក៏ដូចជាកិត្តិយសដែលទទួលបានទាំងនេះគឺកើតចេញពីកិច្ចប្រឹងប្រែងដោយទឹកចិត្តជ្រះថ្លាក្នុងស្មារតីទទួលខុសត្រូវទាំងអស់គ្នាដែលមិនអាចខ្វះផ្នែកណាមួយបានឡើយ។ លោកអភិបាលខេត្តបានបន្តថាជាក់ស្តែងជាមួយនឹងការខិតខំរួមគ្នាលើបញ្ហាអនាម័យបរិស្ថាន ទើបថ្មីៗនេះរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានសម្រេចផ្តល់ពានរង្វាន់ជ័យលាភីទីក្រុង ទេសចរណ៍ស្អាតអាស៊ានសម្រាប់ក្រុងកំពតក្រោយពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់។ ប៉ុន្តែអ្វីដែលសំខាន់ ដើម្បីរក្សាកិត្តិយស ឬទទួលបានកេរ្តិ៍ឈ្មោះបន្ត រដ្ឋបាលខេត្តត្រូវការកិច្ចប្រឹងប្រែងបន្ថែមពីសំណាក់ព្រះ សង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋទូទាំងខេត្ត។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ប្រតិភូខេត្តកំពត ដឹកនាំដោយលោកជាវ តាយ អភិបាលខេត្តនិង លោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតបានអញ្ជើញចូលរួមទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ បន្ទាប់ពីត្រូវបានវាយតម្លៃថាក្រុងកំពតជាទីក្រុងទេសចរណ៍ស្អាត។ នៅទីនោះ សម្រាប់កម្ពុជា ក្រៅពីក្រុងកំពត នៅមានក្រុងតាខ្មៅ ខេត្តកណ្តាល និងខណ្ឌដូនពេញ រាជធានីភ្នំពេញក៏បានទទួលពានរង្វាន់ជ័យលាភីដូចគ្នានេះដែរ។

នេះជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងមោទនភាពថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្តកំពត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ខណៈដែលកន្លងមកក្រុងកំពតបានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងស្អាត ថ្នាក់ជាតិកម្រិតរំដួលបីទងជាបន្តបន្ទាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular