Home ព័ត៌មានអន្តរជាតិ ចិនងាកទៅរកថ្ន...

ចិនងាកទៅរកថ្នាំហ៊ីវ ទីផ្សារងងឹត និងឱសថបុរាណដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា

វីរុសកូរ៉ូណាដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិននិងកង្វះខាតធនធានវេជ្ជសាស្ត្រកំពុងជំរុញឱ្យមនុស្សងាកទៅរកវិធីបុរាណដើម្បីទទួលការព្យាបាលជាសះស្បើយ ដោយអ្នកខ្លះអំពាវនាវដល់អ្នកផ្ទុកវីរុសហ៊ីវនិងអ្នកនាំចូលដែលគ្មានការអនុញ្ញាតឱ្យជួយផ្តល់ថ្នាំ។

អាជ្ញាធរសុខាភិបាលចិនបាននិយាយថាមិនទាន់មានការព្យាបាលណាដែលមានប្រសិទ្ធភាពចំពោះវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ៥០០ នាក់នៅក្នុងប្រទេសចិនទេ។ ទោះបីមិនមានភស្តុតាងណាមួយពីការសាកល្បងព្យាបាលជោគជ័យក៏ដោយ ក៏ប៉ុន្តែគណៈកម្មាធិការសុខភាពជាតិរបស់ចិនបាននិយាយថាថ្នាំព្យាបាលហ៊ីវ Lopinavir និង Ritonavir អាចប្រើសម្រាប់អ្នកជំងឺដែលមានផ្ទុកមេរោគកូរ៉ូណាបាន ដោយមិនបានបញ្ជាក់ពីវិធីដែលថ្នាំទាំងនោះអាចជួយបានយ៉ាងដូចម្តេចនោះទេ។

ការណ៍នេះបានញ៉ាំងឱ្យមានការប្រញាប់ទិញថ្នាំ Kaletra ដែលគេស្គាល់ផងដែរថា Aluvia ដែលជាប្រភេទថ្នាំហ៊ីវឥតប៉ាតង់របស់ក្រុមហ៊ុនផលិតឱសថ AbbVie និងជាប្រភេទថ្នាំហ៊ីវតែមួយគត់ ដែលត្រូវបានអនុម័តសម្រាប់ដាក់លក់នៅក្នុងប្រទេសចិន។

ជាធម្មតាថ្នាំនេះត្រូវបានប្រើដើម្បីព្យាបាលនិងបង្ការហ៊ីវនិងអេដស៍​ហើយក្រុមហ៊ុន AbbVie បាននិយាយថា កាលពីខែមុនប្រទេសចិនកំពុងធ្វើតេស្តវាសម្រាប់ជាថ្នាំព្យាបាលរោគសញ្ញានៃវីរុសកូរ៉ូណា។

លោកដេវី អាយុ ៣៨ ឆ្នាំនៅខេត្តសានទុង ដែលមិនចង់បញ្ចេញឈ្មោះគ្រួសារដោយសារខ្លាចគេសងសឹក បាននិយាយថា គាត់ស្ថិតក្នុងចំណោមមនុស្សផ្ទុកហ៊ីវរាប់រយនាក់ ដែលគេមកសុំថ្នាំហ៊ីវ។

ទោះបីជាថ្មីៗនេះគាត់មិនបានធ្វើដំណើរទៅខេត្តហឺប៉ីឬក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះមេរោគកូរ៉ូណាក៏ដោយ ក៏ប៉ុន្តែគាត់មានការព្រួយបារម្ភថាគាត់បានឆ្លងវីរុសនេះរួចទៅហើយ បន្ទាប់ពីទៅជួបគ្រូពេទ្យម្នាក់ ដែលគេរកឃើញជំងឺរលាកសួត។ គាត់ក៏មានរោគសញ្ញាផ្សេងទៀតទាក់ទងនឹងវីរុសកូរ៉ូណាផងដែរដូចជាគ្រុនក្តៅនិងក្អួតចង្អោរ។

ដោយកំពុងអស់សង្ឃឹមនិងព្រួយបារម្ភខ្លាំង គាត់បានឮពីមិត្តម្នាក់ថា បុរសម្នាក់ដែលផ្ទុកហ៊ីវឈ្មោះហៅក្រៅថា “បងកំប្រុង” កំពុងផ្តល់ជូនថ្នាំ Kaletra ដោយឥតគិតថ្លៃដល់មនុស្ស ដែលសង្ស័យផ្ទុកមេរោគថ្មី។ គាត់បានទទួលថ្នាំហ៊ីវនេះប្រហែល ៣០ គ្រាប់។

លោកដេវីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា “នៅពេលដែលអ្នកត្រូវគេដាក់ឱ្យនៅម្នាក់ឯង និងមើលឃើញស្រមោលនៃសេចក្តីស្លាប់ពីចម្ងាយ ខ្ញុំគិតថាគ្មាននរណាម្នាក់អាចមានអារម្មណ៍ស្ងប់បានទេ”។

ទោះបីចុងក្រោយគាត់ត្រូវបានគេធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះក៏ដោយ ក៏គាត់នៅតែមានជំនឿថា ការទទួលបានថ្នាំ Kaletra គឺជាជម្រើសដ៏ត្រឹមត្រូវ។ លោកនិយាយថា “អ្នកអាចសាកល្បងអីផ្សេងដើម្បីជួយសង្រ្គោះខ្លួនឯងសិន មិនអ៊ីចឹង?”។

ការណ៍នេះនាំឱ្យមានអ្នកសម្រុកទិញថ្នាំហ៊ីវគ្មានច្បាប់អនុញ្ញាតពីក្រៅប្រទេសតាមរយៈវេបសាយមួយស្រដៀងនឹង Weibo ដែរ ហើយការលក់នោះទៀតសោតគឺខ្ពស់ជាងតម្លៃទីផ្សារយ៉ាងខ្លាំង។ មួយវិញទៀត ឱសថបុរាណចិនឥឡូវក៏កំពុងឡើងថ្លៃនិងត្រូវប៉ាន់ខ្លាំងដែរ ខណៈមនុស្សមួយចំនួនខ្នះខ្នែងទាំងអស់សង្ឃឹមដើម្បីបានថ្នាំការពារខ្លួនទប់ទល់នឹងវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស

ចិនឥឡូវងាកមកប្រើថ្នាំហ៊ីវ ផ្សារងងឹត និងថ្នាំបុរាណដើម្បីព្យាបាលវីរុសកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ចុះ​ចាប់​និង​កាត់​ទ្រុង​រ...

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​...

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...

តុលាការ​សាកសួរ​បុរស​ជនជាត...

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ​...