ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គិតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២០នេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួលគោកបានឈានដល់ការចាក់សរសរ និងផលិតគ្រោងដែកស្ពានហើយ ក្រោយពីរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ បែបសាសនា បញ្ចុះបឋមសិលាសាងសង់ កាលពីជិត២ខែកន្លងទៅនេះ។
គួរបញ្ជាក់ថា ក្រោមគំនិតផ្ដើមរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ធ្នូឆ្នាំ២០១៩កន្លងទៅនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនាបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ដែលពិធីនោះបានធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។
បើតាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ ផ្សារដើមគរនិងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែដើម្បីស្ថាបនាឱ្យបានរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។
គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញនិងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕B/