Home ព័ត៌មានអន្តរជាតិ អង់គ្លេសនឹងលែ...

អង់គ្លេសនឹងលែងអោយលក់រថយន្ត​ម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មី​ចាប់​ពីឆ្នាំ ២០៣៥ ដើម្បីកាត់បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់​កម្រិត​សូន្យនៅឆ្នាំ២០៥០​

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ វេបសាយក្រសួងបរិស្ថានបានដកស្រង់សារព័ត៌មានបរទេស មួយនៅថ្ងៃទី៦ ខែកុម្ភៈនេះ បានស្រង់ផ្សាយថាលោក នាយករដ្ឋមន្ដ្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា ប្រទេសរបស់លោកនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥ តទៅ។ ការប្រកាសរបស់លោក ចន សុន ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ COP26 ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះនេះ បានកាត់បន្ថយចំនួន៥ឆ្នាំពីកាលបរិច្ឆេទដើម ដែលថា នឹងហាមឃាត់ការលក់រថយន្តទាំងនេះនៅឆ្នាំ២០៤០ ហើយផែនការថ្មីនេះត្រូវបានរួមបញ្ចូលទាំងរថយន្តកូនកាត់ផងដែរ ។

នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយថា ការរៀបចំ COP26 គឺជាឱកាសដ៏សំខាន់មួយសម្រាប់អង់គ្លេស និងប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីបង្កើនល្បឿនក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។

លោកបញ្ជាក់ថា ឆ្នាំ២០២០ ត្រូវតែជាឆ្នាំដែលយើងផ្លាស់ប្តូរចំពោះការឡើងកម្ដៅលើពិភពលោក… វានឹងជាឆ្នាំដែលយើងជ្រើសរើសអនាគតកាន់តែស្អាត កាន់តែបៃតងសម្រាប់ទាំងអស់គ្នា។ ជាមួយគ្នានេះ លោក ចនសុន ក៏នឹងជំរុញឲ្យប្រទេសផ្សេងទៀតចូលរួមជាមួយ អង់គ្លេស ក្នុងការព្យាយាមឆ្ពោះទៅទិសដៅការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាកាន់តែស្អាត និងកិច្ចប្រឹងប្រែងការពារជម្រកធម្មជាតិ។

គួរបញ្ជាក់ផងដែរថា អង់គ្លេសបានសន្យាថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ជាមួយនឹងវិធានការចម្រុះនៃការកាត់បន្ថយ និងការប៉ះប៉ូវការបំពុលខ្យល់ដូចជាការដាំដើមឈើជាដើម៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular