ដោយៈ មុនីរ័ត្ន-អង្គារ៍ហេង:ភ្នំពេញៈ នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន ឆ្លងដែនពីប្រទេសឡាវ មកប្រទេសកម្ពុជា ដោយបានឃាត់ខ្លួនមេខ្លោងជួញដូរ និងរឹបអូសគ្រឿងញៀន ទម្ងន់ ៤ គីឡូក្រាម។
កិច្ចប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អនុវត្តតាមបញ្ជាដឹកនាំរបស់ យឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៨) បានចុះស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀន ឆ្លងដែននោះ។

យោងតាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ វ៉ាន់ កុសល នាយករងមន្ទីរ និងមានការសម្របសម្រួល ដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន ឆ្លងដែនពីឡាវ មកកម្ពុជា (តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង) នៅចំណុចក្នុងស្ថានីយប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ច បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ សែងច័ន្ទ ដួងចៃ (SENG CHANH DOUANGCHAY ) ភេទប្រុស កើតឆ្នាំ១៩៥១ ជាជនជាតិឡាវ កាន់ប៉ាស្ព័រលេខ PA 0211509។ វត្ថុតាងចាប់យកបានមានសារធាតុញៀន មេតំហ្វេតាមីន (ICE) ៤ កញ្ចប់ធំ ទម្ងន់ ៤ គីឡូក្រាម៕v/Ha