ការផ្ទុះកូរ៉ូណាវីរុសអាចជាការវាយសំពងមួយលើបណ្តាសកលវិទ្យាល័អូស្ត្រាលី នៅពេលពួកនិស្សិតបង់ថ្លៃខ្ពស់ៗទៅពីចិនត្រូវបង្ខំពន្យារការសិក្សារបស់គេ នេះបើតាមការព្រមានរបស់អ្នកសេដ្ឋកិច្ចកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ។
បើតាមការវាយតំលៃពីអ្នកវិភាគនៅក្រុមហ៊ុនStandard & Poor’s សកលវិទ្យាល័យកំពូលៗនៅអូស្ត្រាលីប្រឈមការខាតបង់ប្រាក់២ពាន់លានដុល្លារអាម៉េរិក សំរាប់តែថ្លៃឈ្នួលសិក្សាមួយមុខ ។
ក្រោមការរឹតត្បិតការធ្វើដំណើរដាក់ដោយរដ្ឋាភិបាលក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលនៃកូរ៉ូណាវីរុសថ្មី អ្នកមិនជាជនជាតិអូស្ត្រាលីឬ អ្នកនៅអូស្ត្រាលីជាអចិន្ត្រៃយ៍តែ បានទៅឬនៅប្រទេសចិនចាប់ពីថ្ងៃ០១កុម្ភៈ មិនត្រូវអនុញ្ញាតអោយចូលអូស្ត្រាលីទេ។
ការផ្ទុះឡើងវីរុសឆ្លងនេះកើតឡើងចន្លោះឆ្នាំសិក្សារបស់អូស្ត្រាលី ដែលត្រូវចាប់ផ្តើមនៅខែកុម្ភៈ ហើយភាគច្រើននៃនិស្សិតចិនប្រមាណ១៦៥.០០០នាក់ដែលមករៀននៅអូស្ត្រាលីបានវិលទៅស្រុកចិនក្នុងអំឡុងពេលចូកឆ្នាំចិន។
Standard & Poor’sបាននិយាយថា «ការគណនារបស់យើងគឺគ្រាន់តែលើចំណូលពីថ្លៃសិក្សា ដោយមិនគិតពីការចូលរួមចំណែករបស់ពួកគេដល់សេដ្ឋកិច្ចក្នុងលក្ខណៈធំទូលាយ ពាក់ព័ន្ធនឹងការស្នាក់នៅ ទេសចរណ៍និងការប្រើសប្រាស់ក្នុងស្រុក ដូចជាទំនិញនិងសេវា»។
សូមបញ្ជាក់ថា និស្សិតបរទេសជាចរន្តចំណូលដ៏សំខាន់ស្លាប់រស់សំរាប់បណ្តាសកលវិទ្យាល័យអូស្ត្រាលីនិងក៏ជាវិស័យមួយមានការរីកចំរើននៅប៉ុន្មានឆ្នាំមកនេះ៕ប្រែសម្រួល៖វាសនា

អ្នកដំណើរពាក់ម៉ាស់មុខមកដល់អាកាសយានដ្ឋានក្រុងស៊ីដនី