ដោយ:វិបុល/ភ្នំពេញ ៖ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន បានប្រព្រឹត្តទៅជាធម្មតា ពុំមានការប្រែប្រួល ឬផលប៉ះពាល់អ្វីឡើយ ដោយសារជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មី ហើយមានការផ្ទុះខ្លាំងនៅប្រទេសចិន។ នេះបើតាមលោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ “…ក្នុងរយៈពេលខ្លីមួយខែនេះ គឺការនាំចេញរបស់យើង… នេះក្រសួងពាណិជ្ជកម្មពិនិត្យទៅលើការសុំលិខិតអនុញ្ញាត នាំចេញទំនិញទាំងឡាយទៅកាន់ប្រទេសចិន មិនមានការប្រែប្រួលអ្វីទេ គឺដំណើរការទៅប្រក្រតី អ្នកស្នើសុំ គឺនៅតែដដែល ហើយបើយើងក្រឡេងមើលទៅ យើងនៅតែអាចនិយាយបានថា វីរ៉ុសនេះវាវាយទៅលើមនុស្ស រីឯទំនិញមិនមានជាបញ្ហាអ្វីទេ យើងបញ្ជូនទំនិញជាធម្មតាទេ…»។

អ្នកនាំពាក្យរូបនេះបន្តថា កម្ពុជាក៏កំពុងរង់ចាំមើលថា តើការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ អូសបន្លាយរយៈពេលវែងបែបណា ហើយអាចនឹងជះឥទ្ធពលយ៉ាងណា ចំពោះវិស័យពាណិជ្ជ កម្មរបស់កម្ពុជា ប៉ុន្តែចំពោះពេលបច្ចុប្បន្ននេះ ដំណើរការនាំចេញនាំចូលពីកម្ពុជាទៅ ចិន និងពីចិនកម្ពុជា នៅតែដំណើរការធម្មតា។

ដោយឡែកលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ដែរថា ការផ្ទុះឡើងនៃជំងឺកូរ៉ូណា បានប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចជាសកល ប៉ុន្តែចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ចិន គឺមិនមានបិទច្រកពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយសារតែភ័យខ្លាចវីរុសកូរ៉ូណានោះទេ ៖ “…យើងអាចសម្លឹងឃើញផលវិបាកវែងឆ្ងាយ ប៉ុន្តែបច្ចុប្បន្នមិនមានផលវិបាកទេ ដោយយើងកំពុងរក្សានៅក្នុងស្ថានភាពដដែល នៃការនាំចេញរបស់យើងទៅកាន់ប្រទេសចិន ក៏ដូចជាការនាំចូលទំនិញពីចិនមកកម្ពុជាយើង»។

ជាមួយគ្នានេះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជាថ្មីម្ដងទៀត នូវជំហររបស់កម្ពុជាជាមួយមិត្តចិនរបស់ខ្លួនថា ឧបសគ្គរបស់កម្ពុជា គឺជាឧសគ្គរបស់ចិន ហេតុនេះ ឧបសគ្គរបស់ចិន ក៏ជាឧបសគ្គរបស់កម្ពុជាដែរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល នឹងប្រកាន់ខ្ជាប់នូវទំនាក់ទំនងយ៉ាងជិតស្និទ ការជឿទុកចិត្ត និងការរួមសុខ រួមទុក្ខជាមួយចិន។
សូមជម្រាបថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង២៦%។ ប្រទេសទាំងពីរ បានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម៕B/
