ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​កម្ពុ​ជា​កាលពី​រសៀល​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​វត្ថុ​វិភាគ​របស់​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​រកឃើញ​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​ហើយ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ចំនួន​២​លើក​បង្ហាញ​នូវ​លទ្ធផល​អវិជ្ជមាន​។​ប្រសិនបើ​ការធ្វើ​តេស្ត​លើក​ទី​៣​បង្ហាញថា​មិនមាន​មេរោគ​កូ​រ៉ូ​ណា​ទៀត​នោះ អ្នកជំងឺ​អាច​នឹង​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ខាងមុខនេះ​។​

​សូមជម្រាបថា​៖​ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នកជំងឺ​តែមួយ​ករណី ដែលមាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​(2019nCoV)​ជា​ជន​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​បាន​អនុវត្តន៍​វិធានការ​ច​ត្តា​ឡី​ស័ក​ដាក់​គាត់​ឱ្យនៅ​ដាច់ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។​

ជាមួយ​នោះ​មានការ​ពិនិត្យ​តាមដាន​ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​ដោយ​យកចិត្តទុកដាក់​ជាទីបំផុត​។ បច្ចុប្បន្ន​អ្នកជំងឺ​មាន​សុខភាព​ល្អប្រសើរ​ដូច​ធម្មតា​វិញ​ហើយ​។​រីឯ​ការធ្វើ​តេស្ត​លើ​វុ​ត្ថុ​វិភាគ​របស់​អ្នកជំងឺ​រូបនេះ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបង្ហាញ​លទ្ធផល អវិជ្ជមាន ចំនួន​ពីរលើក គិត​ត្រឹម​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​។​

​យ៉ាងណាក៏ដោយ​ក្រសួងសុខាភិបាល​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា​ថ្វីត្បិតតែ​សុខភាព​គាត់​មាន​សភាព​ល្អប្រសើរ និង​ដើម្បី​ឱ្យមាន​ភាពច្បាស់លាស់ តាម​ការពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក អ្នកជំងឺ​មិនទាន់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​នៅឡើយ​ទេ ។​ដោយ​ទុក​តាមដាន​បន្ថែមទៀតរ​ហូត​ដល់​ថ្ងៃអាទិត្យ​ទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ដើម្បី​រង់ចាំ​ការធ្វើ​តេស្ត​សាជាថ្មី​ម្តងទៀត​ទៅតាម​វិធាន​វេជ្ជសាស្ត្រ​ក្នុងការ​បញ្ជា​ក់នូវ​ភាពជា​សះស្បើយ​ដោយ​មិនមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​ពិតប្រាកដ​របស់​អ្នកជំងឺ​។

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា​«​នៅពេលដែល​ការវិភាគ​ធ្វើតេស្ត​បង្ហាញ​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ជា​លើក​ទី​៣ នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ នោះ ក្រសួង​នឹង​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស ឲ្យ​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ​តែម្តង​ហើយ​សមាជិក​ក្រុមគ្រួសារ​គាត់​បីនាក់​ទៀត​ដែលមាន​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ក៏​នឹង​បាន​រួច​ផុតពី​ការសង្កេត​តាមដាន​សុខភាព​ចំនួន​ដប់​បួន​(១៤)​ថ្ងៃ​ស្របពេល​ជាមួយគ្នា​ទៅនឹង​ការចាកចេញ​ពី​មន្ទីរពេទ្យ​របស់​អ្នកជំងឺ​ខាងលើ​នោះ​ផងដែរ​»​។​

​សូមបញ្ជាក់ថា​លោក​ចា​ជិន​ហូរ​អាយុ​៦០​ឆ្នាំ​ដែល​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា​បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ជាមួយ​ក្រុមគ្រួសារ​៣​នាក់​ទៀត មកដល់​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ បន្ទាប់ពី​មកដល់​រយៈពេល​២​ថ្ងៃ លោក​មាន​អាកា​រៈ​ក្អក ក្តៅខ្លួន​ខុសធម្មតា ហើយ​ត្រូវបាន​មន្ត្រី​សុខាភិបាល​យក​សំណាក​បំពង​ក​ទៅពិនិត្យ​ឃើញថា​គាត់​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០៕S/

​ចំណងជើង​រូបថត​៖​ក្រសួងសុខាភិបាល​៖​បុរស​ជនជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី អាច​នឹង​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០​កុម្ភៈ បើ​ការវិភាគ​ធ្វើតេស្ត​លើក​ទី​៣​បង្ហាញ​លទ្ធផល​អវិជ្ជមាន​