ចំនួនមនុស្សស្លាប់ពីការផ្ទុះជំងឺបង្កឡើងដោយកូរ៉ូណាវីរុសថ្មីនៅចិនដីគោកគិតមកត្រឹមចុងថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ បានកើនដល់៦៣៦នាក់ ដោយកើន៧៣នាក់លើសតួលេខកាលពីមួយថ្ងៃមុន។
គណៈកម្មាធិការសុខាភិបាលជាតិចិនបាននិយាយកាលពីថ្ងៃសុក្រថា ក្នុងចំនួនស្លាប់បន្ថែម៧៣នាក់នេះ មាន៦៩នាក់នៅក្នុងខេត្តហ៊ូប៉ី រួមមាន៦៤នាក់នៅក្នុងទីក្រុងវូហាន ដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុសថ្មី ។
នៅទូទាំងចិនដីគោក មានអ្នកឆ្លងថ្មីបន្ថែម៣.១៤៣នាក់កាលពីថ្ងៃព្រហស្បតិ៍ ជាហេតុនាំឲ្យចំនួនអ្នកឆ្លងវីរុសនេះកើនដល់៣១.១៦១នាក់ ហើយអ្នកឆ្លងភាគច្រើនស្ថិតនៅក្នុងខេត្តហ៊ូប៉ី ។
គណៈកម្មាធិការបានឲ្យដឹងទៀតថា អ្នកជំងឺសរុប១.៥៤០នាក់ត្រូវបានព្យាបាលជានិងចេញពីមន្ទីរពេទ្យគិតត្រឹមចុងថ្ងៃព្រហស្បតិ៍។
ក្នុងពេលជាមួយគ្នា អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃ៦កុម្ភៈថា វាលឿនពេកនឹងនិយាយថា ការផ្ទុះកូរ៉ូណាវីរុសនេះបានឈានដល់កំពូល តែបានទទួលស្គាល់ថា ប្រទេសចិនបានកត់សម្គាល់ឃើញការធ្លាក់ចុះនៃអ្នកឆ្លងថ្មីជាលើកដំបូងកាលពីថ្ងៃ៦កុម្ភៈ។
វេជ្ជបណ្ឌិត ម៉ៃ រ៉ាយអឹន ដែលក៏ជាអ្នកជំនាញការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបាននិយាយថា វាពិបាកធ្វើការទស្សន៍ទាយអំពីដំណើរនៃជំងឺដែលត្រូវបានរាយការណ៍ដំបូងនៅក្រុងវូហាន ប្រទេសចិនកាលពីចុងខែធ្នូ ។លោកថា«យើងកំពុងស្ថិតនៅកណ្តាលនូវការផ្ទុះជំងឺខ្លាំងមួយ»នៅឡើយទេ។
លោកបានបន្ថែមថា«មានវដ្តនៃការចម្លង ហើយយើងអាចឃើញករណីនេះកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខ។តែយ៉ាងហោចណាស់នៅពេលនេះ អ្វីៗហាក់នៅនឹងនរ។តែជិត៣.៧០០ករណីឆ្លងក្នុងពេលតែ១ថ្ងៃ មិនមានអ្វីត្រូវស្រែកអបអរទេនិងវាពិតជាគួរឲ្យព្រួយបារម្ភខ្លាំងមួយ»៕ប្រែសម្រួល៖វាសនា/Ha

គ្រូពេទ្យចិនព្យបាលអ្នកជម្ងឺកូរ៉ូណាវីរុសនៅក្រុងខេត្តហ៊ូប៉ី នៅមន្ទីរពេទ្យបណ្តោះអាសន្នមួយ