Home ព័ត៌មានអន្តរជាតិ របបស៊ីរីដណ្តើ...

របបស៊ីរីដណ្តើមកាន់កាប់ទឹកដីមួយភាគធំនៃទីក្រុងដ៏សំខាន់ក្នុងខេត្តអ៊ីដលីប

អង្គការឃ្លាំមើលសង្រ្គាមមួយបាននិយាយថាកងកម្លាំងរដ្ឋាភិបាលស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈបានដណ្តើមកាន់កាប់ផ្នែកដ៏ធំនៃផ្លូវហាយវ៉េដ៏សំខាន់នៃទីក្រុងសារ៉ាកេប ខណៈពួកគេបន្តវាយលុកចូលក្នុងទីក្រុងចុងក្រោយរបស់ពួកឧទ្ទាមនៅភាគពាយព្យនៃប្រទេសស៊ីរី។

ការទម្លាក់គ្រាប់បែកពីលើអាកាសនិងការវាយលុកថ្មើរជើងនៅប៉ុន្មានសប្តាហ៍មកនេះបានធ្វើឱ្យទីក្រុងទាំងមូលទទេស្អាតនៅខេត្តអ៊ីដលីបនិងបញ្ជូនមនុស្សរាប់សែននាក់ឱ្យភៀសខ្លួនចេញពីផ្ទះពួកគេ។

នៅពេលដែលកម្លាំងរបបស៊ីរីគាំទ្រដោយរុស្ស៊ីដណ្តើមកាន់កាប់នៅតំបន់ដែលគ្រប់គ្រងដោយក្រុមជីហាដនោះ ក្រុមអ្នកប្រយុទ្ធស៊ីរីនិងជនបរទេស ២៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយអ៊ីស្រាអែលពីព្រឹកព្រលឹមទៅលើគោលដៅនានានៅភាគខាងត្បូងនៃក្រុងដាម៉ាស កន្លែងដែលរដ្ឋជ្វីហ្វនិយាយថា គូប្រជែងធំរបស់ខ្លួនគឺអ៊ីរ៉ង់មានវត្តមាននៅទីនោះ។

ការប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទីក្រុងសារ៉ាកេប ដែលស្ថិតនៅចំណុចប្រសព្វនៃផ្លូវហាយវ៉េធំពីរ ដែលរបបស៊ីរីចង់បាននោះ បានកើតឡើង ខណៈតួកគីបានបញ្ជូនកម្លាំងបន្ថែមនៅភាគខាងជើងនៃទីក្រុងនេះក្នុងពេលតែមួយយប់ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីរបបក្រុងអង់ការ៉ាបានព្រមានកងកម្លាំងគាំទ្រទីក្រុងដាម៉ាសឱ្យដកថយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថាបន្ទាប់ពីវាយលុកចូលទីក្រុងសារ៉ាកេបកាលពីថ្ងៃពុធ កងកម្លាំងរបបស៊ីរីកាលពីថ្ងៃព្រហស្បតិ៍បានដណ្តើមកាន់កាប់ផ្នែកដ៏ធំនៃទីក្រុង គឺមួយថ្ងៃគត់បន្ទាប់ពីប្រយុទ្ធគ្នាយ៉ាងសាហាវទល់នឹងក្រុមឧទ្ទាមនិងក្រុមជីហាដ។

អង្គការឃ្លាំមើលសង្រ្គាមមានមូលដ្ឋាននៅចក្រភពអង់គ្លេសនេះបាននិយាយថា កងកម្លាំងស៊ីរីបានរុញច្រានទប់ទល់នឹង “ការវាយបកវិញ” ដោយក្រុមឧទ្ទាមនៅទីក្រុងសារ៉ាកេប ដែលជាទីក្រុងមួយមានប្រជាជនរស់នៅចំនួន ១១០.០០០ នាក់ ដែលឥឡូវនេះស្ទើរតែគ្មានមនុស្សរស់នៅ បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនខែ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី SANA បានបញ្ជាក់ពីរបាយការណ៍នេះដោយនិយាយថាកងទ័ពរដ្ឋាភិបាលកំពុងធ្វើ “ប្រតិបត្ដិការកម្ទចសត្រូវឱ្យអស់” ក៏ដូចជាប្រតិបត្តិការដោះមីននិងរំសេវផ្ទុះ ដែលបង្កប់នៅទីនោះដោយក្រុមឧទ្ទាមនិងក្រុមជីហាដ។

ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានគ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នៅទីក្រុងញូវយ៉កក្នុងកិច្ចប្រជុំបន្ទាន់មួយបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅសប្តាហ៍នេះរវាងកងទ័ពស៊ីរីនិងតួកគី។ ប្រេសិតរបស់អង្គការសហប្រជាជាតិសម្រាប់ស៊ីរីគឺលោក ហ្គៀ ផេឌ័រសិន នឹងរាយការណ៍អំពីស្ថានភាពនៅខេត្តអ៊ីដលីប។

ភាពតានតឹងរវាងទីក្រុងអង់ការ៉ានិងក្រុងដាម៉ាសបានកើនឡើងបន្ទាប់ពីកងកម្លាំងតួកគីនិងរបបស៊ីរីកាលពីថ្ងៃចន្ទបានបាញ់គ្នាយ៉ាងសាហាវនៅក្នុងការប៉ះទង្គិចគ្នាដោយផ្ទាល់ដ៏កម្រ ដែលបានសម្លាប់មនុស្សជាង ២០ នាក់នៅភាគីទាំងសងខាង។

អង្គការសហប្រជាជាតិនិងក្រុមផ្តល់ជំនួយបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ដែលបានរុញច្រានប្រជាជនប្រមាណ ៥៨៦.០០០ នាក់ចេញពីផ្ទះរបស់ពួកគេក្នុងរយៈពេលពីរខែមកនេះ៕ ដោយ៖ កញ្ញាដាលីស

កងទ័ពស៊ីរីកាន់កាប់ផ្នែកដ៏ធំនៃទីក្រុងសារ៉ាកេប ខណៈមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីទីក្រុង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...