កីឡាករ អូឌៀន អ៊ីហ្គាឡូ (Odion Ighalo) ជាអ្នកគាំទ្រក្លឹបម៉េនឆេស្ទ័រ យូណាយធីតអះអាងថា ខ្លួនមិនចំណាយពេលគិតយូរនោះទេ នៅពេលទទួលយកការកាត់បន្ថយប្រាក់ឈ្នួល ដើម្បី សម្រេចកិច្ចព្រមព្រៀងផ្ទេរមកកាន់ពហុកីឡដ្ឋាន Old Trafford នៅថ្ងៃចុងក្រោយនៃរដូវកាល ទិញដូរ។
ស្របពេលលោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) កំពុងខ្វះខ្សែប្រយុទ្ធក្លិបយូណាយធីតបានស្វែងរកខ្សែប្រយុទ្ធប្រកបដោយគុណភាពម្នាក់ ដើម្បីបំពេញតំណែង ទំនេរ បន្ទាប់ពីខ្សែប្រយុទ្ធ ម៉ាគូស រ៉ាហ្វដ (Marcus Rashford) រងរបួសមុនពេលសម្រេចនាំយក អ៊ីហ្គាឡូ ក្នុងកិច្ចសន្យាខ្ចីជើងតែប៉ុន្មាននាទីមុនពេលរដូវកាលទិញដូរបិទទ្វារ។
បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងលេងឲ្យក្លិប Shanghai Shenhua កាលពីខែកុម្ភៈកាលពីឆ្នាំមុន អ៊ីហ្គាឡូ បានលេងពេញនៅក្របខណ្ឌចិន ចាប់តាំងពីចាកចេញពីក្លិប Wafford ប៉ុន្តែនៅ ពេលនេះ ត្រៀមវិលត្រឡប់មកកាន់ក្របខ័ណ្ឌព្រីមីញ៉េលីក ហើយវាគឺជារឿងសប្បាយចិត្ត មែនទែនដោយសារយូណាយធីតគឺជាក្លិបដែលខ្លួនគាំទ្រពេញមួយជីវិត។
ថ្លែងជាលើកដំបូងចាប់តាំងពីសម្រេចកិច្ចព្រមព្រៀងផ្ទេរនៅនាទីចុងក្រោយ អ៊ីហ្គាឡូបានប្រាប់គេហទំព័ររបស់ក្លិបយូណាយធីតថា “ខ្ញុំសប្បាចិត្តមែនទែន។ ដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះ ការធ្វើឲ្យរឿងនេះកើតឡើង ហើយហាក់ដូចជាសុបិន្តក្លាយជាការពិតសម្រាប់ខ្ញុំ”។
ស្របពេល អ៊ីហ្គាឡូ មានប្រាក់ឈ្នួលដើម៣៣០.០០០ផោនក្នុងមួយសប្តាហ៍នៅក្លិប Shanghai Shenhua អ៊ីហ្គាឡូ មានបំណងកាត់បន្ថយប្រាក់ឈ្នួល ដើម្បីឲ្យសម្រេចក្តីសុបិនរបស់ខ្លួន៕ ប្រែសម្រួល: ពិសិដ្ឋ
