ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋ ហ្គ្រើណាដ ប្រារព្ធទិវាឯករាជ្យជាតិរបស់ពួកគេ នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីរំឭកដល់ថ្ងៃដែលពួកគេ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស កាលពីឆ្នាំ ១៩៧៤ ។ ប៉ុន្តែតពីនោះទៅ ប្រទេស ក៏មិនទាន់សូវបានសុខស្រួលប៉ុន្មានឡើយ រហូតដល់ឆ្នាំ ១៩៨៤ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ហ្គ្រើណាដ គឺជារដ្ឋកោះដ៏តូចច្រឡឹងមួយ ស្ថិតនៅភាគអាគ្នេយ៍ នៃសមុទ្ទការ៉ាអ៊ីបមានទៅ ដោយកោះហ្ក្រង់ណាដា និងកោះស្រដៀងគ្នានោះចំនួន ៦ ទៀត បង្កើតបានជាផ្ទៃដី សរុប ៣៤៨,៥ គីឡូម៉ែត្រក្រឡា មានព្រំដែនជាប់ ទ្រីនីដា តូបាហ្គោ និងវេណេហ្ស៊ុយអេឡា ។ ដើមឆ្នាំ២០២០ មានប្រជាពលរដ្ឋជាង ១១២.០០០ នាក់ ភាគច្រើន ជាអ្នកកាន់សាសនា គ្រិស្ត រដ្ឋធានីគឺទីក្រុង សាំងហ្ស៊ក ។
ប្រវត្តិសាស្ត្រ
មុនការទៅដល់ទីនោះ នៃជនជាតិអឺរ៉ុប ហ្គ្រើណាដ ត្រូវបានរស់នៅដោយកុលសម្ព័ន្ធ Arawaks ។ អំឡុងទសវត្សរ៍ឆ្នាំ ១៦០០ សង្គ្រាមរវាង បារាំង ជនជាតិការីបស៍ ( បច្ចុប្បន្នជនជាតិ នៃសាធារណរដ្ឋ ដូមីនិក ) ដណ្តើមកោះ ហ្គ្រើណាដ នេះ ។ បារាំងបានកសាងទីក្រុងមួយដាក់ ឈ្មោះថា Fort Royal ។
នៅឆ្នាំ១៦៤៩ បារាំង បានបញ្ជូនបេសកជន ២០៣ នាក់ មកពីតំបន់ម៉ាទីនិក ដឹកនាំដោយលោក ហ្សាក ឌូ ប៉ាកេត៍ បានទៅបោះទីតាំងអចិន្ត្រៃយ៍ នៅលើកោះហ្គ្រើណាដ ។ ប៉ុន្មានខែក្រោយមក ពួកអ្នកចំណូលថ្មី ក៏មានទំនាស់ជាមួយអ្នកម្ចាស់កោះ អូសបន្លាយរហូតដល់ឆ្នាំ ១៦៥៤ ជាពេលដែល បារាំង បានចូលបង្ក្រាប និង ត្រួតត្រាកោះនោះទាំងស្រុង ។ អ្នកស្រុកម្ចាស់កោះ ដែលនៅសេសសល់ជីវិត អ្នកខ្លះបានរត់ចាកចេញពីទីនោះ អ្នកខ្លះភៀសខ្លួនទៅតំបន់ឆ្ងាយ ដាច់ស្រយាល នៃកោះនោះ ហើយបានក្លាយជាជនជាតិភាគតិចរសាត់អណ្តែតហើយ សហគមន៍ចុងក្រោយ បានសាបសូន្យទៅ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៧០០ ។
សង្គ្រាម ៧ ឆ្នាំ ( រវាង បារាំង និង អេស្ប៉ាញ និង រដ្ឋបរិវារ ប្រឆាំងនឹងចក្រភពអង់គ្លេស និងរដ្ឋបរិវារ ពីឆ្នាំ ១៧៥៦ ដល់ឆ្នាំ ១៧៦៣ ) កោះ ហ្ក្រង់ណាដា បានធ្លាក់ទៅក្នុងកណ្តាប់ដែ ចក្រភពអង់គ្លេសជាផ្លូវការ តាមរយៈសន្ធិសញ្ញាទីក្រុងប៉ារីស នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៧៦៣ ។
ដោយមានការជួយគាំទ្រពីបារាំង ដែលជាសត្រូវសួរពូជរបស់ អង់គ្លេស ផង ដែនដីក្រោម អាណានិគមអង់គ្លេស នៅទ្វីបអាមេរិក បានក្រោកឡើងប្រឆាំងអាណានិគមអង់គ្លេសបញ្ឆេះ ជាសង្គ្រាមយ៉ាងសន្ធោសន្ធៅចាប់ពីឆ្នាំ ១៧៧៥ ដល់ឆ្នាំ ១៧៨៣ ទើបបញ្ចប់ទៅដោយដែនដី ទាំងនោះប្រកាសបង្កើតជា សហរដ្ឋអាមេរិក ។ ដោយសារអង់គ្លេស កំពុងជាប់ដៃនឹងសង្គ្រាម ទើបដែនកោះហ្គ្រើណាដ ត្រូវបានបារាំង ដណ្តើម យកវិញ នៅក្នុងខែកក្កដា ឆ្នាំ ១៧៧៩ ។ ទោះយ៉ាងណា តាមរយៈសន្ធិសញ្ញាទីក្រុងវែកសៃ នាឆ្នាំ១៧៨៣ ហ្គ្រើណាដ ត្រូវបានប្រគល់ ទៅឱ្យចក្រភពអង់គ្លេស ។ ប៉ុន្តែក៏មានបដិវត្តន៍ប្រឆាំងអង់គ្លេស ពីចន្លោះឆ្នាំ ១៧៩៥ ដល់ឆ្នាំ ១៧៩៦ ដែលធ្វើឱ្យអង់គ្លេស ស្ទើរតែមិនអាចគ្រប់គ្រងបាន ។
លុះដល់ឆ្នាំ១៨៧៧ ដែនកោះហ្គ្រើណាដ ត្រូវបានដាក់បញ្ចូលជា រាជាណានិគមអង់គ្លេស ។ លោក Theophilus A. Marryshow បានបង្កើតសមាគមរដ្ឋាភិបាលតំណាង (RGA) នាឆ្នាំ ១៩១៧ ក៏ញ៉ាំងឱ្យមានការតាក់តែងរដ្ឋធម្មនុញ្ញសម្រាប់ប្រជាពលរដ្ឋនៅ ហ្គ្រើណាដ ។ តាម រយៈការមានច្បាប់រដ្ឋធម្មនុញ្ញនេះ លុះដល់ឆ្នាំ ១៩២១-១៩២២ ហ្គ្រើណាដ គឺមានលក្ខណៈ អត្តសញ្ញាណ ជារដ្ឋាភិបាលរាជាណានិគម ។ តាមរយៈការកែប្រែនេះបានផ្តល់សិទ្ធិដល់ជន នៅលើកោះ ហ្គ្រើណាដ បោះឆ្នោតជ្រើសរើសសមាជិក ៥ រូប ក្នុងចំណោមសមាជិកទាំង ១៥ រូប នៃ ក្រុមប្រឹក្សាធម្មនុញ្ញ ។
ឯករាជភាព ហ្គ្រើណាដ
ឆ្នាំ១៩៥០ លោក អេរីក ហ្គេរី បានបង្កើតគណបក្សនយោបាយមួយឈ្មោះថា គណបក្សពលកម្មហ្ក្រង់ណាដារួបរួម ( Grenada United Labour Party )ដែលពីដំបូងឡើយវាគ្រាន់តែជា សហជីពពាណិជ្ជកម្ម ដឹកនាំធ្វើបាតុកម្មជាច្រើននៅក្នុងឆ្នាំ ១៩៥១ ដើម្បីទាមទារលក្ខន្តិកៈ ការងារឱ្យបានប្រសើរជាងមុនប៉ុណ្ណោះ ។
ប៉ុន្តែបាតុកម្មទាំងនោះបានផ្ទុះរាលដាលទៅជាភាពអនាធិបតេយ្យយ៉ាងមហិមាដែលនាំឱ្យ អាគារជាច្រើនត្រូវបានដុតកម្ទេច ហើយអាជ្ញាធរអង់គ្លេសបង្ខំចិត្តត្រូវប្រើកងទ័ព ដើម្បីគ្រប់ គ្រងស្ថានភាពឡើងវិញ ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥១ ហ្គ្រើណាដ បានរៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួន ដោយលោក អេរីក ហ្គេរី ឈ្នះបាន ៦ អាសនៈ ក្នុងចំណោមអាសនៈសរុប ៨ ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៥៨ កោះនានានៅតំបន់សមុទ្ទការ៉ាអ៊ីប ក្រោមអាណានិគម អង់គ្លេស ដែលក្នុងនោះក៏មាន ហ្គ្រើណាដ ផងនោះ បានប្រមូលផ្តុំគ្នាបង្កើតជា សហព័ន្ធ ឥណ្ឌា ខាងលិច ។ ប៉ុន្តែ សហព័ន្ធ នេះ ត្រូវបានសាបរលាបទៅរៀងខ្លួនវិញនៅត្រឹមថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៦២ ។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៦៧ ហ្គ្រើណាដ ត្រូវបានផ្តល់ឱ្យនូវស្វ័យភាពយ៉ាងពេញ លេញសម្រាប់កិច្ចការផ្ទៃក្នុង ក្នុងឋានៈជារដ្ឋរួបរួម ។ លោក Herbert Blaize បានកាន់តំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋរួបរួម ហ្គ្រើណាដ ពីខែមីនា ដល់ខែសីហា ឆ្នាំ១៩៦៧ ។ បន្ទាប់មកគឺលោក អេរីក ហ្គេរី បានឡើងកាន់តំណែង ជានាយក រដ្ឋមន្ត្រីបន្ត រហូតដល់ខែ កុម្ភៈ ឆ្នាំ១៩៧៤ ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អេរីក ហ្គេរី ហ្ក្រង់ណាដា ត្រូវបានអង់គ្លេស ប្រគល់ឯករាជ្យភាព យ៉ាងពេញលេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៧៤ ។
រដ្ឋាភិបាល និងប្រជាពលរដ្ឋ ហ្គ្រើណាដ ប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេ ដើម្បីរំឭកដល់ ថ្ងៃនោះឯង ។
ក្រោយទទួលបានឯករាជភាព
ប៉ុន្តែបន្ទាប់ពីទទួលបានឯករាជ្យភាពមក ក៏មានទំនាស់ផ្ទុះឡើងរវាងរដ្ឋាភិបាលរបស់លោក អេរីក ហ្គេរី និង គណបក្សនយោបាយជាគូប្រជែងនានា រួមទាំងគណបក្ស New Jewel Movement (NJM) ដែលជាបក្សកុម្មុយនិស្តរបស់លោក Maurice BishopCivil ផង ។ ការបោះឆ្នោតឆ្នាំ១៩៧៦ គណបក្សរបស់លោក ហ្គេរី បានឈ្នះ ប៉ុន្តែបក្សប្រឆាំងមិនទទួល យកឡើយ ដោយពួកគេបានចោទថា លទ្ធផលនៃការបោះឆ្នោតនោះ គឺជាការគៃបន្លំ ។
ខែមីនា ឆ្នាំ១៩៧៩ គណបក្ស New Jewel Movement បានធ្វើរដ្ឋប្រហារទម្លាក់លោក ហ្គេរី , ផ្អាកសុពលភាពរដ្ឋធម្មនុញ្ញ និងបង្កើតរដ្ឋាភិបាលបដិវត្តន៍ប្រជាជន (PRG) ដោយមានលោក Maurice Bishop តែងតាំងខ្លួនឯងថា ជានាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាលនេះបង្កើតទំនាក់ទំនងជិត ស្និទ្ធជាមួយគុយបា , នីការ៉ាហ្គ័រ និងបណ្តារដ្ឋកុម្មុយនិស្តដទៃទៀត ។ រាល់គណបក្ស នយោបាយទាំងអស់ ត្រូវបានហាមឃាត់ លើកលែងតែគណបក្ស New Jewel Movement ហើយក៏គ្មានការបោះឆ្នោតដែរ ។
ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៨៣ ឧបនាយករដ្ឋមន្ត្រី Bernard Coard និង ភរិយារបស់គាត់ ដោយ មានការគាំទ្រ ដោយកងទ័ពអាល្លីម៉ង់ បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក Maurice Bishop ហើយឃុំឃាំងគាត់ នៅក្នុងផ្ទះ ។ បាតុកម្មឱ្យដោះលែងលោក Bishop ក៏បានកើត ឡើងពាសពេញកោះ ហើយទីបំផុត គាត់ក៏ត្រូវបានដោះលែង ។ ប៉ុន្តែនៅពេលដែលគាត់ ប៉ុងប៉ងដណ្តើមអំណាចឡើងវិញនោះ គាត់ត្រូវបានកងទ័ពចាប់ខ្លួន និងកាត់ទោសប្រហារ ជីវិតជាមួយនឹងសហការី ៦ នាក់ផ្សេងទៀត ។ បន្ទាប់មក ប្រទេសនេះត្រូវបានដាក់ក្រោម ច្បាប់អាជ្ញាសឹក ។
ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៨៣ កងទ័ពអាមេរិក បានចូលឈ្លានពានរដ្ឋកោះ ហ្គ្រើណាដ ។ ខែធ្នូ ឆ្នាំ១៩៨៤ ការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវបានប្រារព្ធឡើង ហើយសុខសន្តិភាព ក៏កើតមានឡើងវិញរហូតមក ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា