ដោយ:តារារិទ្ធិ/ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើឯកសារសំខាន់ៗចំនួន៣ ព្រមទាំងបញ្ហាជ្សេងៗដទៃទៀត មួយចំនួន។
យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណ:រដ្ឋមន្ត្រីបានឲ្យដឹងថា របៀបវារៈ ដែលលើកមកពិក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។
២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
៣៖ គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ,គម្រោងអភិវឌ្ឍន៍ បណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់នៅស្រុកបទុមសាគរ ខេត្តកោះកុង និងការអនុវត្តន៍បន្តទៀត។
ក្រៅពីរបៀបវារៈទាំង៣ខាងលើ កិច្ចប្រជុំក៏នឹងពិភាក្សាទៅលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
១៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២៖ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣៖ ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
៤៖ ពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៥៖ ពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕B/Ha