ដោយ:តារារិទ្ធ/ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់សម្តេចនៅទីក្រុង ប៉េកាំងប្រទេសចិន បានបង្ហាញច្បាស់ថាកម្ពុជា គឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នា ក្នុងគ្រាអាសន្ន។

សម្តេចក៏បានជម្រាបជូនជនរួមជាតិថា សុខភាពរបស់សម្តេចគឺនៅល្អរឹងមាំដូច ធម្មតា។ សម្តេចបានអរគុណជនរួមជាតិ ដែលមានការព្រួយបារម្ភអំពីសុខភាព សម្តេច និងបានជូនពរសម្តេចក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅចិន ។

សម្តេចតេជោបានផ្ញើសារជូនជនរួមជាតិតាមរយ:ផេក Facebook ផ្លូវការ​នាព្រឹកថ្ងៃទី ៧ ខែ កុម្ភៈនេះថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ ។ ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅម៉ោង ៨:៣០ បន្តិចទៀតនេះ។

ខ្ញុំសូមជម្រាបបងប្អូនផងដែរអំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូនដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបាន​ជូនពរខ្ញុំក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ កុម្ភៈកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែ​ជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អ​មិនបោះ​បង់​​ចោលគ្នាក្នុងគ្រាអាសន្ន។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អ​ទាំងអស់គ្នា”៕B/Ha