Home ព័ត៌មានអន្តរជាតិ បង្ការ​និង​គ្...

បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង ប្រទេស​ចិន​កំពុង​ប្រតិបត្តិ

​ពេល​ថ្មីៗ​នេះ ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ​បាន​កើតឡើង​ក្នុង​ក្រុង​វូហាន ខេត្ត​ហ៊ូ​ប៉ី និង​ខេត្ត​ក្រុង​មួយចំនួនទៀត ដែល​បានទទួល​នូវ​ការចាប់អារម្មណ៍​ពី​សំណាក់ប្រជាជន​ចិន​គ្រប់ៗ​គ្នា ។​

​ក្រោយពី​កើត​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ ប្រជាជន​ទូទាំងប្រទេស​ចិន តាំងពី​រដ្ឋាភិបាល​ដល់​រដ្ឋបាលមូលដ្ឋាន តាំងពី​គ្រូពេទ្យ​ដល់​មហាជន សុទ្ធតែ​ចាត់ទុក​ការយក​ឈ្នះ​ជំងឺឆ្លង​ជា​គោលដៅ​រួម រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​បង្កើតជា​កម្លាំង​រួម​ដ៏​ខ្លាំងក្លា​សម្រាប់​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លងប្រភេទ​ថ្មី​នេះ ។ នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យនយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បានរៀបចំ​កិច្ចប្រជុំ ដើម្បី​ស្តាប់​ការរាយការណ៍​អំពីការងារ​បង្ការ និង​គ្រប់គ្រង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ហើយ​បាន ពិគ្រោះ​ពិភាក្សា សិក្សា​ស្រាវជ្រាវ និង​ចាត់ចែង​ការងារ​ម្តងទៀត​អំពី​ការបង្ការ និង​គ្រប់គ្រងជំងឺឆ្លង ពិសេស​គឺ​ការព្យាបាល​អ្នកជំងឺ ។ ឯកឧត្តម ស៊ី ជីន​ភីង អគ្គលេខាធិការ​មជ្ឈិម​បក្សកុ​ម្មុយ​និ​ស្ត​ចិន បាន​សង្កត់ធ្ងន់ថា ជំងឺឆ្លង​គឺជា​បទបញ្ជា ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង គឺជា​ភារកិច្ច ។ ឱ្យតែ​មាន​ជំនឿ​ចិត្ត​រឹងមាំ រួមសុខទុក្ខ​ជាមួយគ្នា បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង ដោយ​ប្រើ​វិធី​វិទ្យាសាស្ត្រ និង​ចាត់វិធានការ​ត្រឹមត្រូវ​យើង​ក៏​អាច​ទទួល​ជ័យជម្នះ​ក្នុង​យុទ្ធនាការនៃ​ការបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​នេះ ។​

​បទបញ្ជា​សំខាន់ៗ​មួយចំនួនធំ កិច្ចប្រជុំ​ស្តីពី​ការបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​ជាច្រើនលើក និង​ការប្រកាស​ព័ត៌មាន​អំពី​ជំងឺឆ្លង​ឱ្យទាន់ពេល​របស់​រដ្ឋាភិបាល​ចិន​បានធ្វើឱ្យ​សាធារណជនកាន់​តែមាន​ជំនឿ​ចិត្ត និង​បាន​ផ្សព្វផ្សាយ​ពី​ចំណេះដឹង​អំពី​ការបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង ហើយ​បានធ្វើឱ្យ​យុទ្ធនាការ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​ដំណើរការ​អនុវត្ត​ដោយមាន​ប្រសិទ្ធភាពខ្ពស់​ក្នុងប្រទេស​ចិន ។​

​ប្រឈម​នឹង​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ ភាគី​ចិន​កំពុង​ខិតខំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ចាត់វិធានការ ទប់ទល់ និង​គ្រប់គ្រង​ជំងឺឆ្លង ។ ប្រជាជន​ចិន​កំពុង​យកចិត្តទុកដាក់ និង​ពិនិត្យ​តាមដានស្ថានភាព​ជំងឺឆ្លង​ជា​រៀងរាល់ថ្ងៃ តាមរយៈ​ទូរស័ព្ទ និង​ទូរទស្សន៍ ។ ទិន្នន័យ​អំពី​ជំងឺឆ្លង​កំពុង ត្រូវ​ផ្លាស់​ជាថ្មី​ជា​រៀងរាល់ថ្ងៃ ដើម្បី​បង្កើតជា​របង​ដ៏​រឹងមាំ​សម្រាប់​គ្រប់គ្រង​ជំងឺឆ្លង ។ គ្រូពេទ្យក្លាហាន​កំពុង​ស្លៀកពាក់​សម្លៀកបំពាក់​ការពារ​ជំងឺ​ ហើយ​ខិតខំ​ធ្វើការ​នៅ​ចំពោះមុខ​អ្នកជំងឺ ដោយ​មិនចេះ​នឿយហត់ ។ នៅ​ថ្ងៃទី ២៤ ខែមករា ជាតិពុល​នៃ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ បាន​ត្រូវ​ញែក​ដោយ​ជោគជ័យ ។ បន្ទាប់មក អ្នកសិក្សា​ស្រាវជ្រាវ​បន្ត​ខិតខំ​ធ្វើការ​ស្រាវជ្រាវ អំពី​វ៉ា​សាំង​ការពារ​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​ទាំងយប់​ទាំង​ថ្ងៃ ។ ក្រុមសុខាភិបាល​នៃ​កងទ័ពរំដោះប្រជាជន​ចិន និង​ក្រុមសុខាភិបាល​នៃ​តំបន់​ផ្សេងៗ​បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វូហាន ជា​បន្តបន្ទាប់ ។ មន្ទីរពេទ្យ​ភ្នំ​ទេវតា​ភ្លើង និង​មន្ទីរពេទ្យ​ភ្នំ​ទេវតា​រន្ទះ​កំពុងដំណើរការ​សាងសង់ ដោយមាន​ល្បឿន​យ៉ាង​លឿន ។ បុគ្គលិក​ការងារ​នៃ​សហគ្រាស​ផលិត​សម្ភារៈពេទ្យ​ក៏បាន ចូលធ្វើការ​មុនពេល​កំណត់ ។ សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចិន​បាន​ផ្តល់ជំនួយ ឱ្យទាន់ពេល ។ ជាពិសេសមាន​អ្នកជំងឺ​កាន់តែច្រើន​ត្រូវ​ព្យាបាល​ឱ្យ​ជាសះស្បើយ​ហើយចេញពី​មន្ទីរពេទ្យ ។ កម្លាំង​រួម​សាមគ្គី​គ្នា​ដ៏​ខ្លាំងក្លា និង​រឹងមាំ​បាននិង​កំពុង​ផុស​ឡើង​នៅគ្រាអាសន្ន​នេះ ។​

​ជំងឺឆ្លង​នេះ​ក៏បាន​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ដែរ ។ យប់​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ លោក Tedros Adhanom Ghebreyesus អគ្គនាយក​នៃអង្គការ​សុខាភិបាល​ពិភពលោក បានរៀបចំ​សន្និសីទ​សារព័ត៌​មាននៅ​ក្រុង​ហ្សឺ​ណែវ​ហើយបានប្រកាសថា ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ក្លាយទៅជាព្រឹត្តិការណ៍​សុខាភិបាល​សាធារណៈ ដែល​ទទួល​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​នានា លើ​ពិភពលោក ។ លោក​បាន​សង្កត់ធ្ងន់ថា អង្គការ​សុខាភិបាល​ពិភពលោក​មិន​យល់ព្រម រហូតដល់​ប្រឆាំងនឹង​ការដាក់​បញ្ជា​ហាមឃាត់​លើ​វិស័យ​ទេសចរណ៍ ឬ​ពាណិជ្ជកម្ម​ចំពោះប្រទេស​ចិន ។ លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថា ជា​រៀង​រហូតមក​ភាគី​ចិនតែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ដែល​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​និង​ប្រកបដោយតម្លាភាព ហើយ​បានប្រកាស​នូវ​ព័ត៌មាន​ឱ្យទាន់ពេល សម្គាល់​នូវ​ធាតុ​ហ្សែ​ន​វីរុស​ថ្មី និង​បានចាត់វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​គ្រប់គ្រង​ជំងឺឆ្លង ។ នេះ​មិន​គ្រាន់តែ​បាន​បញ្ចាំង​ឱ្យឃើញ​ពី​ស្មារតី​ទំនួល​ខុសត្រូវ​កម្រិត​ខ្ពស់​របស់​ប្រទេស​ចិន​ចំពោះ​សុខភាព​របស់​ប្រជាជន​នៃ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​ទេ ហើយក៏​ជាការ​ផ្តល់​ការគាំទ្រ​យ៉ាងរឹងមាំ​ដល់​ការងារ​បង្ការ និង​គ្រប់គ្រង ជំងឺឆ្លង​លើ​ពិភពលោក​ទាំងមូល​ផងដែរ ។ លោក​ជឿជាក់ថា ភាគី​ចិន​នឹង​គ្រប់គ្រង​ជំងឺឆ្លង ដោយមាន​ប្រសិទ្ធភាព និង​យកឈ្នះ​ជំងឺឆ្លង​នៅ​ទីបញ្ចប់ ។ តាមពិត​វិធានការ​បង្ការ​និង​គ្រប់គ្រងជំងឺឆ្លង​ជាច្រើន​របស់​ប្រទេស​ចិន​មាន​លំដាប់​ខ្ពស់ជាង​សំណូមពរ​ពាក់ព័ន្ធ​សម្រាប់​ដោះស្រាយ​ភាពអាសន្ន ដែល​បាន​បង្កើតជា​គំរូ​ថ្មី​មួយ​សម្រាប់​ការបង្ការ​ជំងឺឆ្លង​ចំពោះ​ប្រទេស​ផ្សេងៗ ។​

​ឱ្យតែ​យើងទាំងអស់គ្នា​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក៏​អាច​ឡើងលើ​កំពូលភ្នំ​ខ្ពស់​ទាំងអស់ ។ ថ្ងៃនេះ ប្រជាជន​ទូទាំងប្រទេស​ចិន​នឹង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ទទួល​ជ័យជម្នះ​ក្នុង​យុទ្ធនាការ​នៃ​ការបង្ការ និង​គ្រប់គ្រង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ៕/Ha

ក្រោយពីកើតមានជំងឺឆ្លងភាគីនានាសុទ្ធតែផ្ដល់ជំនួយ និងការគាំទ្រដល់ក្រុងអ៊ូហាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular