នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានចេញបញ្ជាឲ្យរដ្ឋាភិបាលរបស់លោកចាត់«វិធានការចាំបាច់ទាំងអស់»ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការផ្ទុះកូរ៉ូណាវីរុសទៅលើសេដ្ឋកិច្ចរបស់ប្រទេស រួមមានការបម្រុងថវិកាទុកផង នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនកាលពីថ្ងៃសុក្រទី៧កុម្ភៈ។
លោករដ្ឋមន្ត្រីយ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា បានប្រាប់អ្នកយកព័ត៌មានថា «មានហានិភ័យដែលថាការផ្ទុះជំងឺឆ្លងនេះនឹងប៉ះពាល់ដល់ការប្រើប្រាស់ ដូច្នេះយើងត្រូវតាមដានមើលការវិវឌ្ឍនៃស្ថានភាពសុខាភិបាលដោយយកចិត្តទុកដាក់។ការប៉ះពាល់ដល់ភ្ញៀវទេសចរចូលមកក៏គួរឲ្យព្រួយបារម្ភ»។
ការប្រកាសឲ្យចាត់វិធានការនេះកើតឡើងចំពេលជប៉ុនបានរកឃើញអ្នកឆ្លង៤១នាក់ទៀតនៅលើនាវាកម្សាន្តមួយ ជាហេតុនាំឲ្យចំនួនអ្នកឆ្លងសរុបលើនាវានេះកើនដល់៦១នាក់។
រដ្ឋមន្ត្រីសុខាភិបាលជប៉ុនបាននិយាយថា ករណីឆ្លងថ្មីនេះចេញពីលទ្ធផលពិនិត្យរកវីរុសក្នុងចំណោមអ្នកដំណើរ១៧១នាក់នៅសេសសល់ចុងក្រោយនៅលើនាវាដឹកអ្នកដំណើរកម្សាន្តDiamond Princessដែលត្រូវអាជ្ញាធរជប៉ុនបញ្ជាឲ្យបោះយុថ្កានៅក្នុងសមុទ្រនិងដាក់នៅដាច់ពីគេ១៤ថ្ងៃដើម្បីតាមដានរកវីរុស ក្រោយពីអតីតអ្នកដំណើរម្នាក់ក្នុងនាវានេះត្រូវបានរកឃើញថាមានផ្ទុកកូរ៉ូណាវីរុសនៅហុងកុង។
ក្នុងចំណោមមនុស្ស៣.៧០០នាក់ក្នុងនាវា ការពិនិត្យដំបូងរកឃើញអ្នកផ្ទុកវីរុស១០នាក់ និងក្រោយមករកឃើញ១០នាក់ទៀត។
ករណីថ្មីនេះធ្វើឲ្យជប៉ុនមានអ្នកផ្ទុកកូរ៉ូណាវីរុសថ្មីកើនដល់ជាង៨០នាក់ គឺច្រើនជាងប្រទេសណាទាំងអស់ក្រៅពីចិន៕ប្រែសម្រួល៖វាសនា/Ha
អ្នកដំណើរត្រូវបង្ខាំងក្នុងនាវា និងអ្នករកឃើញផ្ទុកវីរុសត្រូវនាំចេញបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ