ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានថ្លែងថា បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ទៅការប្រកួតកីឡាជាតិ មិនត្រូវបានផ្អាកឡើយ គឺនៅតែរៀបចំធ្វើរៀងរាល់ ២ ឆ្នាំម្ដង គឺរៀងរាល់ឆ្នាំគូ ។
ឆ្នាំ២០២០ នេះ ក៏ដូចជា ការប្រកួត ២ លើក កន្លងមកហើយដែរ គឺធ្វើនៅរាជធានីភ្នំពេញ ។ នៅឆ្នាំ២០២២ ដែលជាការប្រកួតចុងក្រោយ មុនពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ ក៏ប្រកួតនៅរាជធានីភ្នំពេញដែរ ។
លោកបានបន្តថា ការប្រកួតកីឡា ជាទម្រង់ហ្គេមនេះ ប្រទេសគេ ធ្វើមុនកម្ពុជាទៅទៀត បន្តមកទល់ពេលនេះ ស្ទើរតែគ្រប់ប្រទេស លើពិភពលោក គេក៏ប្រកួតជាទម្រង់ហ្គេមនេះដែរ ។
លោករដ្ឋលេខាធិការ បានបន្តថា ក្រោយឆ្នាំ២០២៣ ការប្រកួតកីឡាជាតិ ទាំងអស់ នឹងប្ដូរទិសទៅប្រកួត នៅតាមបណ្ដាខេត្តមួយចំនួន ដែលមានហេដ្ឋរចនាសម្ព័ន្ធ មានសក្ដានុពល អាចទទួលរៀបចំបាន ។ ពិសេសបណ្ដាខេត្ត ដែលមានសកម្មភាពកីឡាខ្លាំងៗ មានកីឡាជាច្រើនប្រភេទ និងមានសក្ដានុពលទេសចរណ៍ ។
លោក ស សុខា បានទទួលស្គាល់ថា នៅភ្នំពេញ ហេដ្ឋារចនាសម្ព័ន្ធ (ទីលានប្រកួត) ពិតជាមានច្រើនមែន តែយើងត្រូវផ្ដល់ឱកាសឲ្យបណ្ដាខេត្ត រាជធានី ដទៃទៀត បានទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតឲ្យ ដូចស៊ីហ្គេម អីចឹងដែរ ។
ពេលនេះ ខេត្តដែលគេមើលឃើញថា អាចទទួលរៀបចំ ការប្រកួតកីឡាជាតិបាន មានខេត្តសៀមរាប បាត់ដំបង កំពង់ចាម ជាដើម ហើយខេត្តមួយចំនួនទៀត ក៏មានលទ្ធភាព អាចរៀបចំធ្វើម្ចាស់ផ្ទះបានដែរ ។ ព្រឹត្តិការណ៍នេះ អាចនឹងធ្វើឆ្លាស់គ្នា ពីខេត្តមួយ ពីរាជធានីមួយ ទៅរាជធានី ខេត្តមួយ រៀងរាល់ ២ ឆ្នាំម្ដង ៕v