រថយន្ត Nissan មួយបានបញ្ចប់ការធ្វើដំណើរចម្ងាយ ៣៧០ គីឡូម៉ែត្រដោយស្វ័យប្រវត្ដិនៅចក្រភពអង់គ្លេស ដែលជាដំណើរដ៏ឆ្ងាយនិងស្មុគស្មាញបំផុតនៅក្នុងប្រទេសនេះ។
រថយន្ត Nissan LEAF បានធ្វើដំណើរចម្ងាយ ៣៧០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលបច្ចេកទេសរបស់ក្រុមហ៊ុននៅទីក្រុងក្រេនហ្វៀលភាគខាងត្បូងប្រទេសអង់គ្លេសទៅកាន់រោងចក្ររបស់ខ្លួននៅទីក្រុងសាន់ឌ័រលែននៅភាគឦសានប្រទេស។
រថយន្តនេះបានធ្វើដំណើរជាមួយអ្នកប្រើប្រាស់ផ្លូវធម្មតាដទៃទៀតដែរសម្រាប់ការធ្វើដំណើរទាំងស្រុងរបស់វា ដោយធ្វើដំណើរតាមដងផ្លូវដែលគ្មានឬមានផ្លាកសញ្ញាតិចបំផុត ផ្លូវប្រសព្វ រង្វង់មូល និង ផ្លូវហាយវ៉េ។
រថយន្តនេះត្រូវបានបញ្ជាផ្លូវដោយបច្ចេកវិជ្ជាកំណត់ទីតាំងដ៏ទំនើបដែលជួយដោយប្រព័ន្ធ GPS រ៉ាដានិងប្រព័ន្ធស្វែងរកពន្លឺនិងឧបករណ៍ផ្សេងៗ ដែលអាចឱ្យរថយន្តនេះបើកបរឆ្លងកាត់ឧបសគ្គជាច្រើននៅតាមដងផ្លូវ។
គម្រោងដែលមានឈ្មោះថា HumanDrive និងដឹកនាំដោយក្រុមហ៊ុន Nissan ក៏ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលចក្រភពអង់គ្លេសផងដែរ និង ចំណាយពេលជាង ៣០ ខែដើម្បីរៀបចំផែនការ។
លោក បុប បេតមែន ប្រធានផ្នែកបច្ចេកទេសនៃមជ្ឈមណ្ឌលបច្ចេកទេស Nissan និយាយថា “គម្រោងនេះបានអនុញ្ញាតឱ្យយើងអភិវឌ្ឍយានយន្តស្វយ័ត ដែលអាចដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះនៅតាមដងផ្លូវនៅចក្រភពអង់គ្លេស ដែលមានលក្ខណៈប្លែកពីប្រទេសផ្សេងនៅលើពិភពលោក ដូចជា រង្វង់មូលស្មុគស្មាញ និង ផ្លូវល្បឿនលឿនរបស់ប្រទេស ដែលមិនមានផ្លាកសញ្ញាសម្គាល់ គ្មានគំនូសផ្លូវពណ៌ស ឬ មានផ្លូវកោងច្រើន”៕ ដោយ៖ កញ្ញាដាលីស