ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដាក់ពង្រាយ​ពោង​កំណត់​ដែន​សុវត្ថិភាព​ចំនួន​២០០​ លើកដំបូង​នៅ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​១​បាន​ប្រវែង​១.០០០​ម៉ែត្រ ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មកលេង​ទឹក​នៅតាម​តំបន់ឆ្នេរ​នេះ​។​

​លោក​គួច ​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា ​ពោង​ចំនួន​២០០​ត្រូវបាន​ចងខ្សែ​បណ្តែត​តាម​បណ្តោយ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​១​ប្រវែង​១.០០០​ម៉ែត្រ ដើម្បី​កំណត់​ដែន​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​មកលេង​ទឹក​នៅ​តំបន់ឆ្នេរ​នេះ​។​

​ពោង​ដែល​បានដាក់​ពង្រាយ​នេះ​ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជាក់ថា ​នៅ​កន្លែង​ខ្លះ​មាន​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ឆ្នេរ​និង​នៅ​កន្លែង​ខ្លះ​ជិត​ជាង​នេះ​គឺ​ដាក់​ទៅតាម​ស្ថានភាព​ទឹក​។​ជំហាន​ទី​១​នេះ​ដាក់​បាន​២០០​ពោង​និង​ត្រូវ​បន្ត​ដាក់​នៅ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​២​បន្ថែមទៀត ​តែ​ចំពោះមុខ​ដាក់​កន្លែង​ដែលមាន​ប្រជាពលរដ្ឋ​មកលេង​ជា​អចិន្ត្រៃយ៍​សិន​។​នៅលើ​ឆ្នេរ​សាធារណៈ​អូរ​ត្រះ​១​និង​អូរត្រេះ​២​ក៏ត្រូវ​ដាក់​ពោង​កំណត់​សញ្ញា​ដែន​សុវត្ថិភាព​ដែរ​នៅពេល​ខាងមុខ​។​

​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​១​និង​អូរ​ឈើទាល​២​ត្រូវបាន​គេ​ប្រាប់​ឱ្យដឹងថា​មាន​ប្រវែង​សរុប​៣.២៥០​ម៉ែត្រ​កន្លងទៅ​ត្រូវបាន​ធ្វើការ​ឈូស​សម្អាត​ដោយ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បន្ទាប់ពី​បានបញ្ចប់​ទាំងស្រុង​នូវ​ការលក់​និង ស្នាក់នៅ​មិន រៀបរយ​លើ​ឆ្នេរ​អូរ​ឈើទាល​២(​អា​រី​ស្តុ​ន​) កាលពីពេល​ថ្មីៗ​កន្លងទៅ​រួចមក​។​

​លោក​គួច​ចំរើន ​បាន​និយាយ​ឱ្យដឹងទៀតថា ​នៅពេល​ខាងមុខ​ឆាប់ៗ​រដ្ឋបាលខេត្ត​នឹង​យក​ខ្សាច់​ស​មកចាក់​បន្ថែម​នៅលើ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​២​កន្លែង​ដែលមាន​ខ្សាច់​មិនល្អ​និង​ព​ន្លឿ​ន​ការសាងសង់​ខ្យូស​តាម​បទដ្ឋាន​កំណត់ នៅ លើ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​១​ឱ្យបាន​រួចរាល់​នៅ​មុនពេល​បុណ្យចូលឆ្នាំថ្មី មក ដល់​។​

​ខ្យូសចំនួន​៤៧​នៅលើ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​១​ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អនុញ្ញាតឱ្យ​សាងសង់​ទៅតាម​បទដ្ឋាន​កំណត់​ជា​សំណង់​មាន​រចនាបទ​ខ្មែរ ។ ផ្លូវ​ដើរ​តាម​បណ្តោយ​ឆ្នេរ​ត្រូវ បានជ្រើសរើស​ឱ្យប្រើ​សន្លឹក​ថ្ម​ក្រា​នី​ត​ជំនួស​ឥដ្ឋការ៉ូឡា​៕S/Ha

លោក​គួច​ចំរើន​ពិនិត្យ​ពោង​សម្រាប់​ដាក់​កំណត់​ដែន​សុវត្ថិភាព​នៅលើ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​២​។​លោក​គួច​ចំរើន​ពិនិត្យ​មើ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​១​ដើម្បី​ដាក់​ពោង​កំណត់​ដែន​សុវត្ថិភាព​សម្រាប់​អ្នកលេង​ទឹក​។​ខ្ចុះ​មួយចំនួន​បាន​សង់​រួច​លើ​ឆ្នេរ​សាធារណៈ​អូរ​ឈើទាល​១​