ដោយ : សម្បត្តិភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត កាមរី បាឡែន បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែង ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ផ្លាកលេខកំពង់ឆ្នាំង2A-1152 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ ហូរប្រេងម៉ាស៊ីនពេញផ្លូវនិង ផ្ទុះពោងទាំងពីរទៅមុខលែងរួច។ចំណែកឯក្បាលព្រួញពុះចែកទ្រូងផ្លូវរងការ​ប្រេះបែក​បន្តិចបន្តួច។សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅឯការិយាល័យ​ចរាចរផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕/Ha