ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បាននាំយកអំពូលសឡាចំនួន៤៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានតម្លើងជូនបងប្អូនប្រជាពលរដ្ឋចំនួន២ ភូមិ នៅសង្កាត់បឹងធំ ដែលក្នុងនោះបានតម្លើងជូននៅភូមិក្ងោក ៣០ គ្រឿង និងនៅភូមិខ្ចៅ ចំនួន១៩គ្រឿង ជាការឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុ្ងងវេទិកាសាធារណៈនៅភូមិក្ងោក និងការចុះពិនិត្យស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅភូមិខ្ចៅ ។

ក្នុងឱកាសនៈដែរលោកអភិបាលខណ្ឌកំបូលបានប្រកាសការជួសជុលផ្លូវក្រាលថ្មម៉ិចប្រវែង ១.៥០០ ម៉ែត្រ នៅភូមិក្ងោក ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម លើកកម្ពស់សោភ័ណភាពភូមិ និងចូលរួមកាត់បន្ថយបទល្មើសផ្សេងៗ ព្រមទាំងជាការចូលរួមចំណែកអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងគោលនយោបាយបង្ខិតសេវាឲ្យកាន់កៀកកិតរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាព។

លោកអភិបាលខណ្ឌបានលើកឡើងថា ការតម្លើងអំពូលសូឡាជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិនៅសង្កាត់បឹងធំ ដើម្បីជាការចូលរួមចំណែកការអនវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឲ្យកាន់តែប្រសើរឡើង និងលើកកម្ពស់សោភ័ណ្ឌភាពក្នុងភូមិផងដែរ ។

ជាមួយគ្នានោះដែរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រី និងកំលាំងសន្តិសុខសាលាខណ្ឌ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងពង្រឹងការងារថែរក្សាសន្តិសុខ នៅសង្កាត់ប្រទះឡាង និងសង្កាត់បឹងធំ ព្រមទាំងបានជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋតាមភូមិមួយចំនួន។ ដោយសេចក្តីត្រេកអរចំពោះសកម្មភាពចូលរួមខាងលើ ប្រជាពលរដ្ឋនៅភូមិក្ងោក បានរៀបចំជាអាហារថ្ងៃត្រង់ សម្រាប់កំលាំងសន្តិសុខសាលាខណ្ឌទទួលទាន ប្រកបដោយភាពរាក់ទាក់ស្និទស្នាល៕B/