ដោយ៖តារារិទ្ធ(ភ្នំពេញ)៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រប ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាអនុម័តលើរបៀបវារៈស្តីពី“សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍”និងសេចក្តីព្រាងអនុក្រឹតស្តីពីការរៀបចំនិងការប្រព្រឹតទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ “នាព្រឹកថ្ងៃទី ៧ ខែ កុម្ភៈនេះ ។

បើយោងតាមផេកហ្វេសបុកផ្លូវការរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបា នឲ្យដឹងថាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និង សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ត្រូវបានតាក់តែងឡើងដោយផ្អែកលើមូលដ្ឋានបទបញ្ញតិ្តនៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីលំនាំច្បាប់ស្តីពីការបង្កើត ក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង លំនាំនៃអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និង សិប្បកម្មក៏ដូចជាបទបញ្ញតិ្ត ពាក់ព័ន្ធដទៃទៀតដែលមានជាធរមាន។

ក្រសួងឧស្សាហកម្មនិងសិប្បកម្មត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យប្តូរឈ្មោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័សមានជាលក្ខណៈសកលនិងដើម្បីធ្វើឲ្យផ្នែ កស្រាវជ្រាវលើវិទ្យាសាស្ត្របច្ចេកវិទ្យានិងរបបគំហើញផ្សេងៗ(នវានុវត្តន៍)របស់កម្ពុជាទទួ លបានប្រសិទ្ធភាពនិងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និង ទៅ អនាគតព្រមទាំងជម្រុញនិងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើននិងជម្រុញការផ្ទេរបច្ចេកវិទ្យាស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០ ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពសង្គមនិងសេដ្ឋ កិច្ចជាច្រើនគួរឲ្យកត់សំគាល់និងប្រកបដោយមោទនភាពដែលបានផ្តល់ផលជាការផ្លាស់ប្តូរយ៉ាង ស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើងទាំងខាងផ្នែកសម្ភារៈ និង ស្មារតីតាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពការបង្កើតការងារជូនប្រជាជនការធានាសមធម៌សង្គមនិងការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ ។ ជាការពិតណាស់វិស័យឧស្សាហកម្មគឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបានក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ននិងភាពធន់។ការអភិវឌ្ឍវិស័យនេះគឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធ ភាពសម្រាប់ការតភ្ជាប់រវាងសេដ្ឋកិច្ចសំខាន់ ៗ ដែលជាឃ្នាស់ជម្រុញកំណើននិងបង្កើត ការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និង សេវាកម្ម ដែលធ្វើឲ្យផលិតភាពកើនឡើងនិងមានចំណូលខ្ពស់ជាងមុនក្នុងដំណាក់កាលដែលកម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្មនិងសេវាកម្ម។វិស័យឧស្សាហកម្មក៏បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារការបង្កើនប្រាក់ចំណូលនិងការលើកកម្ពស់ផលិតភាពតាមរយៈការវិនិ យោគនិងការប្រើប្រាស់ការផ្លាស់ប្ដូរបច្ចេកវិទ្យាថ្មីៗ ។ ស្របពេលដែលពិភពលោកបានដើរមកដល់របត់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលកំពុងមានការអភិវឌ្ឍយ៉ាង លឿនរហ័សដែលពាក់ព័ន្ធជិតស្និតទៅនឹងផ្នែកវិទ្យាសាស្តបច្ចេកវិទ្យានិងនវានុវត្តន៍ជាសកលកម្ពុជាត្រូវការជាចាំបាច់នូវយន្តការគ្រប់គ្រងមួយច្បាស់លាស់លើរបបថ្មីនេះធ្វើយ៉ាង ណាធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាពនិងការប្រកួតប្រជែងខ្ពស់សំដៅធ្វើឲ្យកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាប្រ ទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ៕



