បច្ចុប្បន្នយោធាអាម៉េរិកកំពុងអនុវត្តតាមឯកសារសស្តីពីបច្ចេកវិជ្ជាមួយ ដែលអាចប្រើដោយទាហានដើម្បី “រកមើល កំណត់អត្តសញ្ញាណ និង តាមដាន មនុស្ស សត្វ និង សម្ភារៈនៅពីក្រោយជញ្ជាំងច្រើនជាន់នៅចម្ងាយប្រឈមមុខគ្នាដ៏ឆ្ងាយ”។
យោងតាមឯកសារស្នើសុំព័ត៌មាន (RFI) ថ្មីៗនេះបានឱ្យដឹងថា បច្ចេកវិជ្ជាអាចមើលឃើញធ្លុះជញ្ជាំងនេះនឹងអនុញ្ញាតឱ្យទាហាន “គូសផែនទីរចនាសម្ពន្ធ័និងរកឃើញបន្ទប់លាក់ខ្លួន កន្លែងឆ្លងកាត់ រនាំងភ្នំ ឃ្លាំងសម្ងាត់។ ល។ រួមទាំងផ្លូវក្រោមដីផងដែរ”។ គម្រោងនេះកំពុងត្រូវបានសហការដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់កងទ័ពជើងគោក ទីបញ្ជាការអភិវឌ្ឍន៍សមត្ថភាពប្រយុទ្ធ អគ្គនាយកដ្ឋានចក្ខុមើលឃើញពេលយប់និងឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិច និងទីបញ្ជាការត្រួតពិនិត្យ ការទំនាក់ទំនង កុំព្យូទ័រ អ៊ីនធឺណេត ការស៊ើបការណ៍ ការឃ្លាំមើល និងឈ្លបយកការណ៍ (C5ISR)។
ឯកសារ RFI ពិពណ៌នាអំពីបច្ចេកវិជ្ជាអនាគតនេះថាជា “ប្រព័ន្ធមើលធ្លុះជញ្ជាំង (STTW)”។ ឯកសារនេះបានបន្ថែមថា គោលបំណងនៃបច្ចេកវិជ្ជា ដែលនឹង “តាមដាន កំណត់ទីតាំង ញែកដាច់ពីគ្នា ចាត់ថ្នាក់ និងរាប់ចំនួនមនុស្សនិងសត្វនៅខាងក្នុងអគារឬសំណង់” គឺរួមបញ្ចូលទាំង “ការញែកដាច់ពីគ្នាភ្លាមៗរវាងមិត្តនិងសត្រូវ” ដោយការចូលមើលទិន្នន័យជីវមាត្រ។
បច្ចេកវិជ្ជានេះក៏នឹងត្រូវបានប្រើដើម្បីកំណត់ទីតាំងនៃអន្ទាក់ផ្សេងៗ គ្រឿងផ្ទុះ ឬ អាវុធលាក់ខ្លួន នៅក្នុងអគារ និង ប្រមូលទិន្នន័យ ដែលអាចបង្កើតផែនទីបីវិមាឌនៃសំណង់នោះ។
ឯកសារ RFI ក៏បានកត់សម្គាល់ផងដែរថា បច្ចេកវិជ្ជានេះនឹងត្រូវមើលធ្លុះ “ស្លឹកឈើក្រាស់ៗ”។
គួរបញ្ជាក់ផងដែរថា សភាអាម៉េរិកបានអនុម័តច្បាប់ចំណាយលើការការពារជាតិចំនួន ៧៣៨ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២០៕ ដោយ៖ កញ្ញាដាលីស