ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ករណី​សេព​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​កាលពី​រសៀល​ថ្ងៃទី​៥​ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤​ក្នុងភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង​។​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​នេះ​រួចមក សមត្ថកិច្ច​រកឃើញ វត្ថុតាង​សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់ និង​ធ្វើ​ការដកហូត​។​
​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​:​ជនសង្ស័យ​ទាំង​
៣​នាក់​ដែល​ពាក់ព័ន្ធ និង​គ្រឿងញៀន​ខាងលើនេះ មានឈ្មោះ សេង សុផាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក សង្កាត់​ក្រុង​ស្ទឹងត្រែង និង​ឈ្មោះ ហឿង ស្រី​ម៉ី​(​ហៅ​រ៉ូយ៉ាល់​) ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​នារី​បម្រើ​ខារ៉ាអូខេ​រស់នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​ក្រុង​ស្ទឹងត្រែង​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ ឃាត់ខ្លួន​ចំនុច​ភូមិ​រាជា​នុ​កូ​ល​។

​ក្រោយមក​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​អ៊ុង​សៅ​វី​(​ហៅ​ញ៉ា​ញ់​)​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង ដោយ​សមត្ថកិច្ច​ប្រើ​វិធាន​ញុះញុង ។​នៅមុខ​សមត្ថកិច្ច ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រើប្រាស់​រក្សាទុក​និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​

​កាលពី​រសៀល​ថ្ងៃទី​៦​ខែកុម្ភៈ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​និង​វត្ថុតាង​គ្រឿងញៀន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕S/​