ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​ដំណើរការ​ស្ថាបនា​ផ្លូវ​វាង​មុខ​ព្រះ​លានជល់ដំរី​និង​ចាប់ផ្តើម​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ​ដោយ​ប្រើ​រយៈពេល​៥​ខែ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​រសៀល​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​ថ្មី​នៅលើ​គន្លង​ផ្លូវដី​ក្រហម​ចាស់​ដែលមាន​អាយុកាល​តាំងពី​ឆ្នាំ​១៩១២​ដែលមាន​ទីតាំង​នៅមុខ​បរិវេណ​ប្រាសាទ​សួរ​ព្រ័ត្រ​ជំនួស​ការប្រើប្រាស់​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​មុខ​ព្រះ​លានជល់ដំរី​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ ដោយ​ប្រើ​រយៈពេល​៥​ខែ​។​

​លោក​បាន​លើកឡើងថា​ការធ្វើ​ផ្លូវ​វាង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​រចនាសម្ព័ន្ធ​នៃ​ព្រះ​លានជល់ដំរី​ដោយសារ​រំ​ញ័រ​ពី​ការបើកបរ​រថយន្ត​និង​ផ្សែង​ពុល​ពី​យានយន្ត​គ្រប់​ប្រភេទ​។​ពិសេស​ដើម្បី​រក្សា​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរណ៍​ពេល​ដើរ​ឆ្លងកាត់​ទៅ​ទស្សនា​ប្រាសាទ​ជៀសវាង​មាន​គ្រោះថ្នាក់​ផ្សេងៗ ព្រោះ​ផ្លូវ​កៅស៊ូ​ចាស់​នេះ​នៅជាប់​នឹង​ព្រះ​លានជល់ដំរី​ខ្លាំងពេក​។

​លោក​បាន​បន្ថែមថា​ការស្ថាបនា​ផ្លូវ​ថ្មី​នេះ​មាន​ប្រវែង​សរុប​១.៤២៧​ម៉ែត្រ​ទទឹង​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពណ៌​ក្រហម​ចាស់​ដែល​ផ្តើមចេញពី​ផ្លូវកែង​ជ្រុង​ខាងកើត​ឈៀង​ខាងជើង​នៃ​ប្រាសាទ​បា​យ័ន្ត​ឆ្ពោះទៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដោយ​បត់​ឆ្វេង​មុន​ទៅដល់​ប្រាសាទព្រះពិធូរ​ភ្ជាប់​ទៅនឹង​ផ្លូវ​កៅស៊ូ​ចាស់​មុខ​វត្ត​ទេពប្រណម្យ​។

លោក​បាន​បន្តទៀតថា​ក្រោយពេល​សាងសង់​ផ្លូវ​នេះ​រួចរាល់​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ផ្អាក​ការប្រើប្រាស់​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​ទាំងស្រុង ហើយ​កែលម្អ​ផ្លូវ​នោះ​ជា​សួន​ដាំ​ស្មៅ ដើមឈើ​ដើម្បី​ឱ្យមាន​ទេសភាព និង​បរិស្ថាន​ល្អ​ស្អាត​នៅមុខ​ព្រះ​លានជល់ដំរី ក៏ដូចជា​នៅក្នុង​បរិវេណ​ក្រុង​អង្គរធំ​ទាំងមូល​៕S/

​រូបភាព​: អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​ផ្លូវ​វាង​មុខ​ព្រះ​លានជល់ដំរី​៕​អប្សរា​