ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បានរៀបចំ​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ជូន​បុគ្គលិក​ជាង​៣០០​នាក់​ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការរីកចម្រើន​ក្នុងការ​វិនិយោគ​លើ​វិស័យ​ផលិត​ទឹក​ពិសា​រនៅក្នុង​ប្រទេស​កម្ពុជា​ក្រោម​ប្រធានបទ “១០​ជំហាន កាន់តែ​ខ្ពស់ កាន់តែ​ធំ​”​។

​លោក​ឧកញ៉ា​ឡាវ​វ៉ាន់​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មានប្រសាសន៍​នៅពេល​ជូន​ដំណើរ​បុគ្គលិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​៖“១០​ជំហាន កាន់តែ​ខ្ពស់​កាន់តែ​ធំ​” ជា​ខ្លឹមសារ​មួយ ដែល​ក្រុមហ៊ុន​ចង់បង្ហាញ​អំពី​ការ​ឆ្ពោះទៅមុខ​របស់​ក្រុមហ៊ុន និង​ការតាំង​ចិត្ត​ដើម្បី​ភាព​អស្ចារ្យ​ក្នុង​ដំណើរ​កម្សាន្ត​រួមគ្នា​ជា​គ្រួសារ​តែមួយ​។​

​ការរៀបចំ​ដំណើរ​កម្សាន្ត​នេះ​ធ្វើឡើង​ក្នុងឱកាស​ខួប​១០​ឆ្នាំ​នៃ​ក្រុមហ៊ុន​ដើម្បី​ថ្លែងអំណរគុណ​និង​តបស្នង​ទៅដល់​បុគ្គលិក​វី​តា​ល់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចំណាយ​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត​ធ្វើ​ឱ្យយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ​មាន​ដំណើរការ​បានល្អ​ឈានមុខ​គេ​ក្នុង​ផ្នែក​ផលិត​ទឹក​ពិសា​។

​លោក​បានបញ្ជាក់​ថាបើ​និយាយ​ពី​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ប្រហែលជា​រឿង​ធម្មតា​សម្រាប់​បងប្អូន​ដែលមាន​លទ្ធភាព​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​សម្រាប់​បងប្អូន​កម្មករ ឬ​បុគ្គលិក​មួយចំនួន យើង​គិតថា នេះ​ជា​ក្តី​ស្រមៃ​មួយ​របស់​ពួកគាត់​។ យើង​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​ពឹង​ផ្អែកលើ​កម្លាំង និង​គំនិត​របស់គាត់​មាន​ទស្សនៈ​ចូលរួម​ចង់​បំពេញ​ក្តី​ស្រមៃ​របស់​ពួកគាត់​ឱ្យក្លាយជា​ការពិត​។

​លោកស្រី​ជឹ​ង​សុគន្ធា​វី​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ិន​វី​ស៊ី​ខ​ប​ភើ​រ៉េ​សិន​(​វី​តា​ល់​)​បានឱ្យដឹងថា​៖​ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល​៤​យប់​៥​ថ្ងៃ​ក្នុងប្រទេស​ម៉ាឡេស៊ី​និង​សឹង្ហ​បុរី​ដែល​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ទ​ទួល​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់​របស់​កម្មករ និង​បុគ្គលិក​រួមមាន​សំបុត្រ​យន្តហោះ ការ​ស្នាក់នៅ ការធ្វើដំណើរ​ក្នុង​តំបន់​និង​ការបរិភោគ​។ ដំណើរ​កម្សាន្ត​នេះ ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​។


​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ក្នុងស្រុក​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១០​ដោយ​អ្នកវិនិយោគទុន​ជនជាតិខ្មែរ ក្នុង​គោលបំណង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ផលិតផល​ក្នុងស្រុក ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម​និង​ទីផ្សារការងារ​ក្នុងប្រទេស​។​នាពេល​បច្ចុប្បន្ន​ទឹក​ពិសា​វី​តា​ល់ទ​ទួលបាន​ប្រជាប្រិយភាព​និង​ការគាំទ្រ​ខ្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សឹងតែ​គ្រប់​ដណ្តប់​ទូទាំងប្រទេស​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បានរៀបចំ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ម៉ាឡេស៊ី​និង​សិង្ហ​បុរី​ជូន​បុគ្គលិក​ជាង​៣0០​នាក់ ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​(​រូប​៖​សុផល​)​