ការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលប៊ិះធ្វើឱ្យធ្លាក់យន្តហោះ Airbus-320 ដឹកមនុស្ស ១៧២ នាក់

350
ចែករម្លែក

យោធាស៊ីរីបាននិយាយថា ពួកគេបានបង្អាក់គោលដៅអរិភាពពីលើមេឃនៃទីក្រុងដាម៉ាស ដោយបន្ថែមថាការវាយប្រហារតាមអាកាសនោះគឺធ្វើឡើងដោយកងកម្លាំងអ៊ីស្រាអែលពីតំបន់ខ្ពង់រាបហ្គោលែន។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះចម្បាំង F-16 របស់អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីលបាញ់ពីលើអាកាសចំនួន ៨ គ្រាប់នៅជាយក្រុងដាម៉ាសនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈដោយមិនបានចូលដែនអាកាសស៊ីរីទេ។

យោងតាមយោធារុស្ស៊ី យន្តហោះស៊ីវិល Airbus-320 ដែលមានអ្នកដំណើរចំនួន ១៧២ នាក់បានកំពុងព្យាយាមចុះចតនៅឯអាកាសយានដ្ឋានក្រុងដាម៉ាសក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលគ្រានោះ ប៉ុន្តែបានចុះចតនៅឯមូលដ្ឋានអាកាសរុស្ស៊ីនៅតំបន់ Hmeymim ជំនួសវិញ។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ឥឡូវវាបានក្លាយជាទម្លាប់ធម្មតាទៅហើយសម្រាប់កងទ័ពអាកាសអ៊ីស្រាអែលក្នុងការប្រើប្រាស់យន្តហោះស៊ីវិលដើម្បីការពារយន្ដហោះចម្បាំងខ្លួនឯងពីប្រព័ន្ធការពារដែនអាកាសស៊ីរី។

ប្រភពយោធាស៊ីរីបាននិយាយថា ទាហានចំនួន ៨ នាក់បានរងរបួសនិងខូចខាតសម្ភារៈមួយចំនួន ដែលបណ្តាលមកពីការវាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទៅលើទីក្រុងដាម៉ាសនិងទីក្រុងស៊ីរីដទៃទៀត។ ប្រភពយោធាបានបញ្ជាក់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងចេញពីតំបន់ខ្ពង់រាបហ្គោលែន ដែលផ្នែកមួយនៃតំបន់នេះត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ១៩៦៧ និង ពីដែនអាកាសរបស់ប្រទេសលីបង់ភាគខាងត្បូង។ អ៊ីស្រាអែលនៅតែរក្សាភាពស្ងៀមស្ងាត់អំពីអ្នកណាដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕ ដោយ៖ កញ្ញាដាលីស

ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍លើក្រុងដាម៉ាសប៊ិះធ្វើឱ្យធ្លាក់យន្តហោះ Airbus-320 ដែលមានអ្នកដំណើរចំនួន ១៧២ នាក់