ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា វិស័យពុទ្ធចក្ររីកចម្រើន ត្រូវចូលរួមគាំទ្របន្ថែមលើវិស័យអាណាចក្រពោល គឺវិស័យទាំងពីរមិនអាចខ្វះគ្នាបានទេត្រូវដើរទន្ទឹមគ្នា។ មានន័យថាវិស័យពុទ្ធចក្រ និងវិស័យអាណាចក្ររួមសហការគ្នា គឺនាំឲ្យមានសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋបានយូរអង្វែង។
នៅក្នុងកម្មវិធីឈ្វេងយល់«បុណ្យមាឃបូជា»ដែលការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ១.០០០ អង្គ និងនាក់នៅសាលាខេត្តកំពង់ចាមនារសៀលថ្ងៃទី ៦ ខែកុម្ភ: ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តនេះបានថ្លែងថា អត្ថន័យ នៃការរៀបចំ«បុណ្យមាឃបូជា»នាពេលនេះ គឺពិតជាបានចូលរួមដាស់នូវ សតិអារម្មណ៍យុវជន និងមន្រ្តីរាជការរបស់យើងឳ្យមានភាពស្មោះសក្នុងផ្លូវចិត្ត និងផ្លូវកាយ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា ជាពិសេស គឺធ្វើឳ្យមានសន្តិភាពនៅក្នុងចិត្តរបស់យើង គឺសន្តិភាពស្ថិតក្នុងដៃរបស់យុវជនយើងគ្រប់រូបនេះហើយ។ កត្តានេះនាំយើងត្រូវរួមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺមានសន្តិភាពយូរអង្វែង។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ក្នុងនោះ«បុណ្យមាឃបូជា»ដ៏មានមហាអត្ថន័យ គឺជួយឳ្យប្រជាពុទ្ធបរិសត បានស្វែងយល់ពីព្រះពុទ្ធសាសនា។ ដោយប្រជាពុទ្ធបរិសត នឹងកាន់តែយល់ពីព្រះពុទ្ធសាសនា គឺមានគុណូបការ:យ៉ាងធំធេងចំពោះប្រជាពលរដ្ឋកម្ពុជា គឺដើរតួនាទីជាប្រជាធិបតេយ្យ។ ដោយឳ្យប្រព្រឹត្តតែអំពើល្អមិនបៀតបៀនគ្នា យល់ដឹងនូវគុណ និងទោស គឺយល់ដឹងពីអំពើណាគួរប្រព្រឹត្ត និងអំពើណាគួរចៀសឆ្ងាយនោះ។
លោកបានមានប្រសាសន៍បន្ថែមថា ការតបស្នងសងគុណចំពោះព្រះពុទ្ធសាសនា គឺមានន័យថា វិស័យពុទ្ធចក្រមានការរីកចម្រើន គឺវិស័យនេះត្រូវចូលរួមគាំទ្របន្ថែមទៀតទៅលើវិស័យអាណាចក្រ។ ដោយវិស័យទាំងពីរមិនអាចខ្វះគ្នាបានទេ គឺត្រូវដើរទន្ទឹមគ្នា។
វិស័យពុទ្ធចក្រត្រូវចូលរួមតាមរយ:ការផ្សព្វផ្សាយព្រះធម៌ ការអប់រំ ប្រៀនប្រដៅ ក្នុងឳកាសបុណ្យទាន។ ជួយឳ្យប្រជាពលរដ្ឋយើងកុំប្រព្រឹត្តនូវអំពើបាប គឺនាំគ្នាធ្វើបុណ្យ។
លោកបានមានប្រសាសន៍បន្តថា ដោយការធ្វើបុណ្យនោះមិនសំដៅតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនោះទើបបានបុណ្យកុសលទេ។ ចាំបាច់ត្រូវប្រព្រឹត្តអំពើល្អជាមួយប្រជាពលរដ្ឋដទៃ ចំពោះការខ្វះខាត។ ធ្វើអំពើល្អចំពោះសកម្មភាពសង្គមក៏ជាបុណ្យកុសលដែរពោល គឺការធ្វើអំពើល្អរបស់យើងនាំឳ្យមានសន្តិភាពផ្លូវចិត្ត នៅក្នុងសហគមន៍ភូមិឃុំរបស់យើង៕B/