​ដោយៈ មេសា​
​ភ្នំពេញៈ លោក ង៉ោ ប៉េង​ប៊ី មន្ត្រី​គ្រប់​គ្រង់​ប្រព័ន្ធ​ព័ត៌មាន នៃ មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ បានឱ្យដឹង​អំពី​លទ្ធផល នៃ ការបណ្តុះបណ្តាល​អ្នក​ស្ម័គ្រ​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ ថា គិត​មក​ពេលនេះ មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បាន​បណ្តុះបណ្តាល​អ្នក​ស្ម័គ្រ​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ សរុប ៤.៦៤៦ នាក់ ឬ ប្រមាណ​ជា ៨០ ភាគរយ នៃ ផែនការ និង បានប្រគល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាង ២ ពាន់​គ្រឿង និង ផ្តល់ Tablet ដល់​មន្ត្រី​តាម​មណ្ឌល​សុខភាព​ដែល​ឋិត​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺគ្រុនចាញ់​ប្រមាណ​ជា ៨ រយ គ្រឿង​ផ្សេងទៀត ។ ម្យ៉ាងទៀត ព័ត៌មាន​ដែល​ទទួលបាន​ពី​អ្នក​ស្ម័គ្រ​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ គឺជា​ព័ត៌មាន​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ! មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​រាល់​ករណី​រកឃើញ​ជំងឺគ្រុនចាញ់ នៅ​តំ​បាន់​ណាមួយ រមែង​ត្រូវបាន​ផ្តល់​មក​ទីតាំង​កណ្តាល និង អ្នកពាក់ព័ន្ធ លឿន​រហ័ស​ទាន់ពេលវេលា ដែល​ទើប​រាល់​តម្រូវការ​ផ្សេងៗ ត្រូវបាន​អន្តរាគមន៍ និង ឆ្លើយតប​ទាន់ពេលវេលា និង ចំ​គោលដៅ ។


​លោក ង៉ោ ប៉េង​ប៊ី អះអាង​បែបនេះ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នក​ស្ម័គ្រ​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ មកពី​ខេត្តក្រចេះ​ប្រមាណ​ជា ១៤០ នាក់ អំពី​ការបញ្ជូន​ទិន្នន័យ​ជំងឺគ្រុនចាញ់​តាម​ប្រព័ន្ធ​ទូរស័ព្ទ រៀបចំ​នៅឯ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី ៦ និង ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ។


​ជា​ផ្នែក​មួយ ដើម្បី សម្រេចបាន​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​នៅត្រឹម​ឆ្នាំ ២០២៥ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បានរៀបចំ​ឱ្យមាន​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ ជិត ៣ ពាន់ ភូមិ នៅក្នុង ២១ ខេត្ត ។ ពី​ត្រឹម​ឆ្នាំ ២០១៧ មជ្ឈមណ្ឌល​ជាតិ បានរៀបចំ​ឱ្យមាន​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​ជំងឺគ្រុនចាញ់ តាម​ទូរស័ព្ទ ហើយ ដើម្បី អាច​ធ្វើការ​នោះបាន មជ្ឈមណ្ឌល​បានប្រគល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​បង្ហាត់បង្រៀន ដល់​អ្នកស្ម័គ្រចិត្ត​ទាំងនោះ សម្រាប់​បញ្ជូន​ព័ត៌មាន​នូវ​រាល់​ការរកឃើញ​ករណី​ជំងឺ​គ្រុ​ញ​ចាញ់​នៅក្នុង​គោលដៅ​របស់​ពួកគាត់ ហើយ​ព័ត៌មាន​ទាំងនោះ បាន​ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ដើម្បី ឆ្លើយតប​ទាន់ពេលវេលា ដែល​ប្រការនេះ​ខុស​ឆ្ងាយ​ពី​ការ​កាល​មុន​ដែល​ត្រូវ​រង់ចាំរ​រហូត ១ ខែ ឬ ខែ ឯណោះ ។​


​គប្បី​រំឭកថា មុន​ឆ្នាំ ២០១១ គិត​ជា​មធ្យម​ក្នុង ១ ឆ្នាំ មាន អ្នក​កើត​ជំងឺគ្រុនចាញ់​ជាង ១៧ ម៉ឺន​ករណី ស្លាប់​ពី​ជាង ៥០០ នាក់ ទៅជិត ៩០០​រយ​នាក់ ។ លុះដល់​ឆ្នាំ ២០១៨ ជំងឺគ្រុនចាញ់ បាន​ថយចុះ ៨៥ ភាគរយ កាត់បន្ថយ ករណី​ស្លាប់​បាន ៩៩ ភាគរយ ដែល​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ មានប្រសាសន៍ថា ការថយចុះ​នេះ​គឺ​បន្ទាប់ពី​បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់​២០១១-២០២៥ របស់​រាជរដ្ឋាភិបាល ។​


​ជំងឺគ្រុនចាញ់ គឺជា​ជំងឺ​ដែល​គេ​អាច​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​វា​នឹង​ក្លាយជា​ជំងឺ​ដ៏​កាច​សហាវ អាច​ផ្តាច់ផ្តិល​អាយុជីវិត​មនុស្ស​បាន​ភ្លាម ប្រសិនបើ​គេ​យឺតយ៉ាវ​ក្នុងការ​ព្យាបាល ឬ ព្យាបាល​មិនបាន​ត្រឹមត្រូវ ។ ហេតុនេះ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ជាដើម តែងតែ​បញ្ជូន​សារ​ថា ប្រសិនបើ​សង្ស័យថា មាន​ជំងឺគ្រុនចាញ់ ដូចជា​ក្តៅខ្លួន​លើសពី ៣៨ អង្សា​លើសពី ២ ថ្ងៃ គេ​ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ ចៀសវាង​ដាច់ខាត កុំ​ទៅរក​ការ​ផ្សំ​ថ្នាំ​ដោយ​ខ្លួនឯង ឬ នៅតាម​គ្លីនិក​ឯកជន ពុំ​នោះទេ គេ​អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕ Kh