ដោយៈសុផល/ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលជួបសវនាការជាមួយនឹងលោក ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
ក្នុងនាមព្រឹទ្ធសភានិងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកប៉ាប្លូ ជីហូ កាង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី ដែលមានតាំងពីយូរលង់ណាស់មកហើយ ឱ្យកាន់តែរឹងមាំថែមទៀត។

នៅក្នុងឱកាសនោះ លោក ប៉ាប្លូ ជីហូ កាង បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរដ្ឋា ភិបាល និងប្រជាជនអូស្ត្រាលី លោកបានចូលរួមសោកស្តាយចំពោះការបាក់រំអគារនៅខេត្តកែបដែលធ្វើឱ្យមនុស្សមួយចំនួនបានមរណភាពនិងរងរបួស។ លោកក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខពាក់ព័ន្ធនឹងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមស្វាគមន៍រាល់សកម្មភាពនានាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម។ លោកបានរំលឹកអំពី ទំនាក់ទំនងទ្វេភាគីរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ គឺចាប់តាំងពីឆ្នាំ១៩៥២មកម្ល៉េះ។ ទំនាក់ទំនងប្រទេសទាំងពីរ បានចាប់ផ្តើមមានរវាងប្រជាជន និងប្រជាជន រហូតដល់មានទំនាក់ទំនងការទូតជាមួយនឹងគ្នា។

លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ចាប់តាំងពីទស្សវត្ស៩០មក ស្ថានទូតអូស្ត្រាលីមានសកម្មភាពជាច្រើនទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ក្នុងនោះប្រទេស អូស្ត្រាលី នៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជាដូចជាការបោសសម្អាតមីន វិស័យសុខាភិបាល វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យ កសិកម្ម និងវិស័យផ្សេងៗទៀត។ លោកបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ដូច្នេះ រាល់សកម្មភាពនានាពាក់ព័ន្ធនឹងការអភិវឌ្ឍ និងជំនួយរបស់ប្រទេសអូស្ត្រាលី នឹងត្រូវធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាទិភាពថ្មីៗរបស់ប្រទេសកម្ពុជា ដូចជាបញ្ហាយេនឌ័រ និងពិការភាព។ ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប នៅឆ្នាំ២០២០ផងដែរ។
លោកឯកអគ្គរដ្ឋទូត បានអះអាងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគទុន ពាណិជ្ជកម្ម ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យកាន់តែសកម្មថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះសោកនាដកម្មភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិត និងបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងធនធានធម្មជាតិរបស់ប្រទេសអូស្ត្រាលីអស់ជាច្រើន។

សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតអំពី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយបាននឹងកំពុងមានការរីកចម្រើន តាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាក់ស្តែងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកង់ប៉េរ៉ា ប្រទេសអូស្រ្តាលី។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរសភាអូស្រ្តាលី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញអំពី ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែផ្តល់ជំនួយឥតសំណង ជំនួយសង្រ្គោះបន្ទាន់ ក៏ដូចជាជំនួយអភិវឌ្ឍន៍ផ្លូវការដល់ប្រទេសកម្ពុជា ដែលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនគួរជាទីមោទនភាពដូចពេលបច្ចុប្បន្ននេះ។ ប្រទេសអូស្រ្តាលី ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា ទៅសិក្សានៅប្រទេសអូស្រ្តាលី ក៏ដូចជាជំនួយសម្រាប់សាលាក្តីខ្មែរក្រហម និងការដោះមីននៅប្រទេសកម្ពុជា។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តអូស្រ្តាលីជាបន្តបន្ទាប់ ក៏ដូចជាការជំរុញការផ្លាស់ប្តូររវាងមនុស្ស និងមនុស្ស ហើយកាលពីពេលកន្លងទៅនេះ ក៏មាននិស្សិតអូស្រ្តាលីបានមកធ្វើកម្មសិក្សានៅព្រះរាជាណាចក្រកម្ពុជាបានមួយចំនួនធំផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ដូចអ្វីដែលលោកឯកអគ្គរដ្ឋទូតបានលើកឡើងអំពី ចក្ខុវិស័យរបស់ប្រទេសកម្ពុជា នឹងខិតខំកសាងប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ នៅក្នុងបណ្តាឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាថែរក្សាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពទាំងអស់ ក្នុងនោះប្រទេសកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដីរបស់ខ្លួនត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ហើយបន្តកសាងប្រទេសឱ្យសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧,១% ជាងពីរទស្សវត្សកន្លងទៅនេះ។ កត្តាដែលប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលទាំងអស់នេះ គឺមានកត្តាជាច្រើន ប៉ុន្តែមានកត្តាមួយដែលមិនអាចមើលរំលងបាន គឺប្រទេសកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសមស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសកម្ពុជាក្នុងតំណាក់កាលនីមួយៗ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះគ្រប់អតីតឯកអគ្គរដ្ឋទូត លោក ប៉ាប្លូ ជីហូ កាង និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កគ្រប់លក្ខណៈ ដើម្បីឱ្យអង្គការនីតិប្បញ្ញតិនៃប្រទេសទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃជាមួយគ្នា។

នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានស្នើលោកអគ្គរដ្ឋទូតអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរអូស្រ្តាលី មកបណ្តាក់ វិនិយោគ និងធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ពីព្រោះប្រទេសកម្ពុជាសំបូរទៅដោយសម្បត្តិវប្បធម៌ រមនីយដ្ឋាន និងធនធានធម្មជាតិជាច្រើន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអូស្រ្តាលី ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
សម្តេមប្រធានព្រឹទ្ធសភា បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕B/