ពួកអ្នកក្រុងហុងកុងដែលមានការភិតភ័យស្លន់ស្លោរបាននាំគ្នាទិញយកក្រដាសរមូរប្រើក្នុងបង្គន់និងក្រដាសជូតដៃជូតមុខ ព្រមទាំងអង្ករឬមីកញ្ចប់អស់ៗពីធ្នើនៅផ្សារក្នុងក្រុងហុងកុងកាលពីថ្ងៃសុក្រទី៧កុម្ភៈ ទោះជារដ្ឋាភិបាលធានាថា ការផ្គត់ផ្គង់នឹងមិនខ្វះក្នុងអំឡុងពេលផ្ទុះជម្ងឺឆ្លងបង្កឡើងដោយកូរ៉ូណាវីរុសថ្មី ដែលបានសម្លាប់មនុស្ស៦០ទៅ៧០នាក់ក្នុងមួយថ្ងៃនៅចិនដីគោកនេះក៏ដោយ។
អ្នកដើរផ្សារវ័យ៧២ឆ្នាំម្នាក់បាននិយាយថា «គ្រប់គ្នាដណ្តើមយកអ្វីៗដែលគេអាចចាប់បាន។ខ្ញុំថែមទាំងអត់ដឹងថាមានអ្វីកើតឡើងផង»។
ពួកអ្នកដើរផ្សារបានទិញអីវ៉ាន់អស់ៗពីធ្នើ ដូចជាអង្ករ សាច់ មី និងផលិតផលលាងសម្អាត ដូចជាសាប៊ូ។
ក្នុងពេលជាមួយគ្នា អាជ្ញាធរបានថ្កោលទោសការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីការខ្វះខាតគ្រឿងប្រើប្រាស់ប្រចាំថ្ងៃនិងស្បៀងអាហារ ជាហេតុនាំអោយមានការផ្អើលទិញទុក និងភាពជ្រួលច្របល់នៅតាមទីផ្សារ ហើយផ្សារទំនើបនានាក្នុងក្រុងបានដាក់កំហិតលើចំនួននិងបរិមាណទំនិញដែលអាចទិញ រួមមានក្រដាសអនាម័យ អង្ករ មី ថ្នាំសម្លាប់មេរោគ។
ហុងកុងមានអ្នកឆ្លងវីរុសនេះ២៤ករណី និងម្នាក់បានស្លាប់៕ប្រែសម្រួល៖វាសនា
ការខ្លាចរអាអំពីកូរ៉ូណាវីរុស នាំអោយអ្នកក្រុងហុងកុងផ្អើលទិញអីវ៉ាន់ទុកកាលពីថ្ងៃសុក្រ