លោក លឹម ចាន់សូ​ភី ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាលដែលត្រូវផ្លាស់ប្តូរ

ដោយៈ ឫទ្ធិ​ស័ក្តិ​/ ​ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​បញ្ចប់​ភារកិច្ច​លោក លឹម ចាន់សូ​ភី ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល​ដោយ​ចាត់​ឱ្យមក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​អភិរក្ស​សុរិយោដី​ចំណុះ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្រេច​តែងតាំង​លោក សុក កាន់​ណា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តកណ្តាល ជំនួស​លោក លឹម ចាន់សូ​ភី​។ នេះ​បើ​យោងតាម​ប្រកាស​ស្តីពី​ការបញ្ចប់​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ ចុះ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ទទួលបាន​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​
​រដ្ឋបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ នៅ​សាលប្រជុំ​ខេត្តកណ្តាល ក្រោម​អធិបតីភាព​លោក​ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល រួមទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ន​នៅក្នុង​ខេត្តកណ្តាល​។​
​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ឲ្យ​ដឹងថា លោក លឹម ចាន់សូ​ភី អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល គឺមាន​រឿងអាស្រូវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​ខេត្តកណ្តាល ៕សរន