ភ្នំពេញ​៖ តារា​សម្តែង​និង​ម៉ូ​ដែល​កញ្ញា អេ​ឡា បាន​បង្ហើប​ឱ្យដឹងពី​ដំណឹង​ឯកជន​របស់​នាងដោយ​អះអាងថា​នាង​មិនទាន់មាន​សង្សារ​ឬ​ស្នេហា​ជាមួយ​នរណា​ឡើយ​បើទោះបី ជា​ពេលនេះ កំពុងតែ​ល្បី​មាន​ប្រជាប្រិយ​ភាពខ្លាំង​ជាង​មុន​ក៏ដោយ​។​

​តួ​ខ្មោច​ស្រី​តាម​លង​ប​ង្លា​ច​ឱ្យ​ភ័យ​រន្ធ​តាំងពី​ដើមរឿង “​ថេ​ក​ចុងក្រោយ​” របស់​ផលិតកម្ម​អិ​ល មានឈ្មោះ​ពិត​ថា ប៉ៃ មុន្នី វ៉ាន់​ចាន់​ពិស​ដ្ឋ ដែល​ទទួល​ការគាំទ្រ​ពី​យុវវ័យ និង​មហាជន​ពេញ ចិត្ត​ចំពោះ​រឿង​ខ្មោច​នោះ បាន​បង្ហើប​រឿង​ផ្ទាល់​ឯកជន​របស់​នាង​ដោយ​ធ្វើការ​បដិសេធ​ចំពោះ ព័ត៌មាន​ចាម​អារាម​ជាច្រើន​ដែល​ផ្សាយ​ថា នាង​មាន​សង្សារ​ហើយ ឬមាន​ស្នេហា​លាក់បាំង​។

​កញ្ញា អេ​ឡា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០ ថា នាង​មិនមាន​សង្សារ ទេ ហើយក៏​មិនទាន់​សម្រេច​ថា ត្រូវមាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​បុរស​រូប​ណា​ដែរ​។ ដោយឡែក​ដំណឹង​ដែល​ផ្សាយ​ថា នាង​មាន​សង្សារ និង កុំ​ទាក់ទង ព្រមទាំង​សរសេរថា កុំ​ស្រលាញ់​នាង​អី កំពុង​វាយប្រហារ​នាង ។ កញ្ញា​បាន​ឲ្យ​ដឹងថា នាង​ក៏​មិនដឹងថា​មូលហេតុ អ្វី​បានជា​ព័ត៌មាន​បែបនេះ ចេះតែមាន​គេ​យកមក​ផ្សាយ​ត​គ្នា​ដែរ​។​

​តារា​ម៉ូ​ដែល​លេចធ្លោ​ដើមឆ្នាំ​២០០២​នេះ​បាន​បញ្ជាក់ថា បើទោះបីជា​នាង​មាន​ប្រជា ប្រិយភាព មាន​មហាជន​ស្គាល់​ជាង​មុន​ក៏ពិតមែន ប៉ុន្តែ​នាង​នៅតែ​រក្សា​អត្ត​ច​រឹត​ដដែល​មិន​ផ្លាស់ប្តូរ​ឡើយ នៅតែ​បន្ត​រួសរាយ​រាក់ទាក់​រាប់អាន​ធម្មតា​ទៅកាន់​មនុស្ស​ជុំវិញខ្លួន​គ្រប់គ្នា​។​

​សូមបញ្ជាក់ថា កញ្ញា អេ​ឡា នាង​បានកើត​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ភ្នំពេញ បច្ចុប្បន្ននេះ​មាន វ័យ​២៣​ឆ្នាំ​។ នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់​តាំង​ឆ្នាំ​២០១៦​មក ដោយ​ផ្តើមចេញពី​អ្នក បង្ហាញ​ម៉ូត​។

​សម្រាប់​ក្នុង​វិស័យ​ភាពយន្ត​នេះ នាង​ទើបតែ​ចាប់​ឈាន​ជើង​ចូល​សម្តែង​ក្នុង​ឆ្នាំ​២០១៩ ហើយ​លេច​មុខមាត់​ក្នុង​ឆ្នាំ​២០២០​នេះ​តែម្តង​។ រឿង “​ថេ​ក​ចុងក្រោយ​”​នេះ​ជា​រឿង​ទី​១​សម្រាប់នាង​ដែល​បាន​ចូលប្រឡូក ហើយ​រឿង​ទី​១​ថត​ប៉ះចំ​រឿង​ខ្មោច​តែម្តង ខណៈ ដែល​កន្លងមក​នា​ង ធ្លាប់តែ​ថត​រឿង​ខ្លីៗ រឿង​បែប​អប់រំ ប៉ុណ្ណោះ ៕ ដោយ​៖ បូ​រិ​ន​