ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប៉ូលិស​នឹង​បញ្ជូន​មេខ្យល់​ម្នាក់​នាំ​នារី​ក្មេងៗ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​។ មេខ្យល់​នាំ​ក្មេងស្រីៗ​ឲ្យ​ភ្ញៀវ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ នៅ​ភោជនីយដ្ឋាន ម្លប់​ស្បូវ​មាន​លាភ និង​ផ្ទះសំណាក់ ស្វី​ត​ប៊ូ​ទិ​ក​ម៉ូ​តែ​ល ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៧ ខែកុម្ភៈ ថា ចំពោះ​ករណី​ខាងលើនេះ សមត្ថកិច្ច​មាន​ចំណាត់ការ​តាមច្បាប់ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។​


​សូមជម្រាបថា ប៉ូលិស​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​នាំ​នារី​ក្មេងៗ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ និង​រំដោះ​ក្មេងស្រី​រងគ្រោះ​ចំនួន ៦​នាក់ ស្រី (​អនីតិជន ២​នាក់​)​។ ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ នៅ​ភោជនីយដ្ឋាន ម្លប់​ស្បូវ​មាន​លាភ និង​ផ្ទះសំណាក់ ស្វី​ត​ប៊ូ​ទិ​ក​ម៉ូ​តែ​ល ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ក្នុង​សំណុំ​រឿងនេះ​ឈ្មោះ កេ​ត រតនៈ ហៅ ហ្សា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ចំនួន ៦​នាក់ (​អនីតិជន ២​នាក់​) ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​។​
​ករណី​ខាងលើនេះ គឺ​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ វេលា​ម៉ោង​បី​រសៀល​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​មានការ​សម្របសម្រួល​ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​សរន​