ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) ។​នាយ​ឧ​ត្ត​ម​សេនីយ៍​បានដាក់​ចេញ​នូវ​ផែន​ការជំរុញឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​ដឹកជញ្ជូន​។

​ដើម្បី​បង្កើន​ការត្រួតពិនិត្យ​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​តឹងរឹង​ចំពោះ​សាលាបង្រៀន​បើកបរ​និង​យានដ្ឋាន​កែច្នៃ​ខុសច្បាប់​ទាំងអស់​។ តាមរយៈ​ផែនការ​រឹតបន្តឹង​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា​ចំពោះ​សាលាបង្រៀន​៖​ត្រូវ​បិទ​ជា​ស្ថាពរ​ចំពោះ​សាលាបង្រៀន​បើកបរ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។​ប៉ុន្តែ​ក្នុងករណី​មិនត្រូវ​រាងចាល​ត្រូវ​បិទ​អាជីវកម្ម​ឃាត់ខ្លួន​ជនល្មើស​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​។​

ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​សាលាបង្រៀន​បើកបរ​ដែលមាន​ច្បាប់​អនុញ្ញាត​អំពី​លក្ខណៈសម្បត្តិ​គ្រូបង្រៀន​បើកបរ ខ្លឹមសារ​មេរៀន​រយៈពេល​បង្រៀន​ការប្រើប្រាស់​យានយន្ត​សម្រាប់​បង្រៀន​។​ក្នុងករណី​រកឃើញ​ចំណុច​ខ្វះខាត​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ប្រសិនបើ​មិន​រៀងចាល​ត្រូវ​ដកហូត​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​សាលាបង្រៀន​បើកបរ​យានយន្ត​។​

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្តថា​ចំពោះ​យានដ្ឋាន​ជួសជុល​កែច្នៃ​ដំឡើង​យានយន្ត​៖​បិទ​ជា​ស្ថាពរ​ចំពោះ​យានដ្ឋាន​ជួសជុល​កែច្នៃ​ដំឡើង​យានយន្ត​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុងករណី​មិន​រាងចាល​ត្រូវ​បិទ​អាជីវកម្ម​ឃាត់ខ្លួន​ជនល្មើស​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​។​ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​យានដ្ឋាន​ជួសជុល​កែច្នៃ ដំឡើង​យានយន្ត​ដែល​ច្បាប់​អនុញ្ញាត​។

ដើម្បី​ទប់ស្កាត់​កែច្នៃ ដំឡើង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​សំដៅ​បង្ការ​គ្រោះថ្នាក់​និង​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ក្នុងករណី​រកឃើញ​មាន​បទល្មើស​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ប្រសិនបើ​មិន​រៀងចាល​ត្រូវ​ដកហូត​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​យាន្ត​ដ្ឋា​ន​និង​ក្នុងករណី​ធ្ងន់ធ្ងរ​ត្រូវ​ឃាត់​ជនល្មើស​ដកហូត​វត្ថុ​តាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕S/​