ក្រុមអ្នកវិទ្យាសាស្ត្រចិនបាននិយាយកាលពីថ្ងៃសុក្រទី៧កុម្ភៈថា សត្វពង្រូល ជិតផុតពូជអាចមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណានៅទូទាំងប្រទេសចិន។
ក្រុមអ្នកស្រាវជ្រាវបានសង្ស័យជាយូរមកហើយថា វីរុសកូរ៉ូណា ដែលឥឡូវបានសម្លាប់មនុស្សជាង ៦៣០ នាក់និងឆ្លងទៅមនុស្សជាង ៣១.០០០ នាក់ ត្រូវបានចម្លងពីសត្វទៅមនុស្សនៅឯផ្សារមួយក្នុងទីក្រុងវូហានភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុន។
សាកលវិទ្យាល័យកសិកម្មចិនខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនផ្តល់ព័ត៌មានលម្អិតយ៉ាងដូច្នេះថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកសិកម្មចិនខាងត្បូងបានកំណត់អត្តសញ្ញាណសត្វពង្រូលជា “ភ្នាក់ងារចម្លងរោគអន្តរការី”។
វីរុសថ្មីនេះត្រូវគេជឿថាមានដើមកំណើតពីសត្វប្រចៀវប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានលើកឡើងថាច្បាស់ជាមាន “ភ្នាក់ងារអន្តរការី” ក្នុងការបញ្ជូនមេរោគទៅមនុស្ស។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថា បន្ទាប់ពីបានធ្វើតេស្តសំណាកសត្វព្រៃជាង ១.០០០ ក្បាល អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបានរកឃើញថា លំដាប់ហ្សែនរបស់វីរុសដែលរកឃើញនៅលើសត្វពង្រូល មានលក្ខណៈដូចគ្នា ៩៩ ភាគរយទៅនឹងមេរោគនៅក្នុងខ្លួនអ្នកជំងឺកូរ៉ូណា។
សត្វពង្រូលត្រូវបានគេចាត់ទុកថាជាសត្វដែលត្រូវបានជួញដូរច្រើនបំផុតនៅលើភពផែនដីហើយពង្រូលជាងមួយលានក្បាលត្រូវបានចាប់យកពីព្រៃនៅអាស៊ីនិងអាហ្វ្រិកក្នុងទសវត្សរ៍កន្លងទៅ។ នេះបើយោងតាមអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។
ពង្រូលទាំងនោះត្រូវដឹកទៅផ្សារនៅក្នុងប្រទេសចិននិងវៀតណាម កន្លែងដែលស្រការបស់វាត្រូវបានប្រើក្នុងឱសថបុរាណ ដ្បិតគ្មានអត្ថប្រយោជន៍ខាងវេជ្ជសាស្ត្រ ហើយសាច់របស់វាត្រូវគេដាក់លក់នៅលើទីផ្សារងងឹត៕ ដោយ៖ កញ្ញាដាលីស/Ha
