អ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃសុក្រទី៧កុម្ភៈថា ការរាគរូសអាចជាផ្លូវបន្ទាប់បន្សំនៃការចម្លងវីរុសកូរ៉ូណាថ្មី បន្ទាប់ពីការបោះពុម្ពផ្សាយការសិក្សាចុងក្រោយបង្អស់ ដែលរាយការណ៍អំពីអ្នកជំងឺមានអាការៈមិនស្រួលក្នុងពោះ និង រាគរូស។
វិធីចម្លងជាបឋមត្រូវគេជឿថាជាដំណក់ទឹកមាត់ផ្ទុកវីរុសពីការក្អករបស់អ្នកមានមេរោគ ទោះបីជាអ្នកស្រាវជ្រាវក្នុងករណីដំបូងបាននិយាយថាពួកគេផ្តោតអារម្មណ៍ខ្លាំងទៅលើអ្នកជំងឺដែលមានរោគសញ្ញាផ្លូវដង្ហើមហើយអាចនឹងមើលរំលងករណី ដែលជាប់ទាក់ទងនឹងបំពង់រំលាយអាហារ។
អ្នកជំងឺសរុប ១៤ នាក់ក្នុងចំណោម ១៣៨ នាក់ (១០ ភាគរយ) នៅក្នុងមន្ទីរពេទ្យក្រុងវូហាន ដែលត្រូវបានសិក្សានៅក្នុងឯកសារថ្មីដោយអ្នកនិពន្ធជនជាតិចិននៅក្នុងទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាម៉េរិក (JAMA) ដំបូងបានបង្ហាញពីជំងឺរាគរូសនិងក្អួតចង្អោរមួយឬពីរថ្ងៃមុនពេលវិវត្តទៅជាគ្រុនក្តៅនិងដកដង្ហើមខ្លីៗ។
អ្នកជំងឺអាម៉េរិកដំបូងដែលគេធ្វើរោគវិនិច្ឆ័យឃើញមានវីរុសកូរ៉ូណាថ្មី (2019-nCoV) ក៏បានរាគរយៈពេល ២ ថ្ងៃផងដែរ ហើយវីរុសនេះត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងលាមករបស់គាត់ ហើយមានករណីបែបនេះជាច្រើននៅក្នុងប្រទេសចិន ដែលបានកត់ត្រានៅក្នុងទស្សនាវដ្តី Lancet។
លោក វីលលៀម គីវីល សាស្រ្តាចារ្យផ្នែកថែទាំសុខភាពបរិស្ថាននៅសាកលវិទ្យាល័យសៅថែមតុនរបស់អង់គ្លេសបាននិយាយថា “អ្វីដែលសំខាន់គឺថា វីរុស 2019-nCoV ត្រូវបានរាយការណ៍នៅទីកន្លែងផ្សេងទៀតក្នុងលាមករបស់អ្នកជំងឺ ដែលមានរោគសញ្ញាក្រពះពោះវៀនខុសពីធម្មតា ប្រហាក់ប្រហែលនឹងជំងឺសា ដែលត្រូវបានបង្ហូរតាមទឹកនោមផងដែរ ដែលនេះបង្ហាញថា ផ្លូវចម្លងរោគតាមលាមកគឺងាយនឹងឆ្លងរាលដាលខ្លាំងណាស់”។
លទ្ធភាពឆ្លងតាមលាមកគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលដល់អ្នកវិទ្យាសាស្ត្រទេ ព្រោះវីរុសថ្មីនេះក៏ជាសមាជិកនៃក្រុមគ្រួសារជំងឺសាដែរ៕ ដោយ៖ កញ្ញាដាលីស