គណៈកម្មការទន្លេមេគង្គ (MRC) នឹងចូលរួមជាមួយចិនដើម្បីរកហេតុផលនៅពីក្រោយកម្រិតទឹកក្នុងតំបន់ធ្លាក់ចុះទាបជាងកំណត់ត្រាមុនៗ។
លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ MRC បានប្រាប់ VnExpress នៅក្រៅវេទិកាតំបន់លើកទី ៩ នៅទីក្រុងហ្លួងព្រះបាងប្រទេសឡាវដែលប្រព្រឹត្តទៅពីថ្ងៃទី ៥-៦ ខែកុម្ភៈថា “យើងបានចាប់ផ្តើមធ្វើការជាមួយចិនដើម្បីធ្វើការសិក្សារួមគ្នាដើម្បីរកឱ្យឃើញមូលហេតុដែលបណ្តាលឱ្យមានលំហូរទឹកទាបកាលពីឆ្នាំមុន”។
លោកបានសង្កត់ធ្ងន់ថា “ខ្ញុំសង្ឃឹមថាការសិក្សានោះនឹងផ្តល់នូវភស្តុតាងវិទ្យាសាស្ត្រដើម្បីពន្យល់ពីមូលហេតុដែលទឹកស្រកចុះដល់កម្រិតទាបមិនធ្លាប់មានពីមុនមក នាពេលថ្មីៗនេះ ពីព្រោះបច្ចុប្បន្ននេះមនុស្សគិតតែពីស្តីបន្ទោសអំពីគម្រោងវារីអគ្គីសនីសំខាន់ៗ ប៉ុន្តែយើងចាំបាច់ត្រូវយល់ឱ្យបានត្រឹមត្រូវអំពីមូលហេតុ”។
របាយការណ៍របស់គណៈកម្មការទន្លេមេគង្គនៅពាក់កណ្តាលឆ្នាំ ២០១៩ បានបង្ហាញថាកម្រិតទឹកនៅក្នុងរដូវទឹកជំនន់កាលពីឆ្នាំមុនគឺចាប់ពីខែមិថុនាដល់ខែកក្កដាស្ថិតក្នុងចំណោមកម្រិតទាបបំផុត។ កម្រិតទឹកនៅខេត្តឈៀងរ៉ៃប្រទេសថៃឡើងខ្ពស់ត្រឹម ២,១ ម៉ែត្រធៀបនឹងកម្រិតទឹកជាមធ្យម ៣,០២ ម៉ែត្រ ដែលត្រូវបានវាស់ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ។
ចាប់ពីចំណុចខាងលើនៃអាងទន្លេមេគង្គក្រោមក្នុងខេត្តឈៀងសែននៃប្រទេសថៃរហូតដល់ក្រុងហ្លួងព្រះបាងនិងក្រុងវៀងចន្ទន៍របស់ឡាវនិងបន្តទៅដល់ខេត្តណុងខាយរបស់ថៃនិងអ្នកលឿងរបស់កម្ពុជា ទឹកបានស្រកចុះទាបជាងកំណត់ត្រាពីមុនៗ ដែលធ្លាប់ជួបក្នុងឆ្នាំ ១៩៩២ ។
អ្នករស់នៅតំបន់ដីសណ្តរមេគង្គនៅភាគខាងត្បូងប្រទេសវៀតណាមបានទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរកាលពីឆ្នាំមុនបន្ទាប់ពីភ្លៀងរដូវវស្សានិងទឹកជំនន់ប្រចាំឆ្នាំបានកើតឡើងយឺតយ៉ាវពេក។
តំបន់ដីសណ្ត ដែលជម្រុកស្បៀងនិងជាមជ្ឈមណ្ឌលវារីវប្បកម្មរបស់វៀតណាម មិនត្រឹមតែបំពេញតម្រូវការស្បៀងអាហាររបស់ប្រទេសប៉ុណ្ណោះទេតែថែមទាំងជួយជំរុញទីផ្សារនាំចេញរបស់វៀតណាមទៀតផង។
ចាប់ពីខែមេសា កសិករនៅទូទាំងតំបន់បានឃើញដីស្រែរបស់ពួកគេទុកចោលស្ងួតហួតហែងអស់ជាច្រើនខែ។ ខណៈអាងស្តុកទឹកសាបស្ងួតអស់ អ្នកស្រុកបានទិញទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលជាស្ថានភាពមួយមិនអាចនឹកស្មានដល់ឡើយកាលពីប៉ុន្មានឆ្នាំមុន។
ទឹកជំនន់ប្រចាំឆ្នាំកើតឡើងនៅចុងខែកក្កដាឬដើមខែសីហានិងបន្លាយពេលដល់ខែវិច្ឆិកា ដោយផ្តល់ជីជាតិដល់ដី ខណៈដីល្បាប់នឹងហូរចាក់ទៅក្រោម។ ទឹកជំនន់យឺតយ៉ាវគឺរំខានដល់ការដាំដុះដំណាំក៏ដូចជាការនេសាទនៅតាមតំបន់ដីសណ្ត។
កាលពីឆ្នាំមុនទឹកជំនន់បានកើតឡើងត្រឹមតែពាក់កណ្តាលខែកញ្ញាប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស
